អាសូរណាស់! បើកឡានបុកក្មេងស្លាប់ ហើយរត់គេចខ្លួនបាត់ទៀត

ខេត្តព្រៃវែង៖ ក្មេងស្រីតូចម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ក្រោយត្រូវរថយន្តដឹកទំនិញមួយគ្រឿងបើកបុក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងរស់ភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្មេងស្រីរងគ្រោះមានឈ្មោះ ណែត សារីណា ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិកើតហេតុ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5321 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកក្មេងស្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកក៏ស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយបង្កហេតុ តែកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ៕

ប្រភព៖ Khmer Note