ស្បែករបស់អ្នកនឹងមើលទៅមានសភាពចាស់ជាងមុន ១០ ឆ្នាំ ប្រសិនបើអ្នកនៅតែបន្តធ្វើនូវសកម្មភាពប្រចាំថ្ងៃទាំងនេះ

អាហាររូបត្ថម្ភសមស្រប ព្រមទាំងការហាត់ប្រាណ ហាត់កីឡា គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីអាចទទួលបាននូវសុខភាពសម្រស់និងភាពក្មេងជាងវ័យ។ នេះជាអាថ៌កំបាំងមួយដែលមនុស្សភាគច្រើនធ្លាប់បានដឹង។ ទោះជាយ៉ាងណាក៏ដោយ លក្ខខ័ណ្ឌនៃស្បែករបស់អ្នកមិនត្រឹមតែបង្ហាញឲ្យដឹងពីរបៀបរស់នៅដែលមានសុខភាពល្អ ឬគ្មានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប្រាប់ឲ្យដឹងអំពីពត៌មានលម្អិតតិចតួចខ្លះដែលបានក្លាយជាទម្លាប់របស់អ្នកដែលអាចទំនងជាមិនមានប៉ះពាល់អាក្រក់អ្វីពីដំបូង ប៉ុន្តែមិនមែនបានន័យថាគ្មាននោះទេ។

ខាងក្រោមជារឿងរ៉ាវមួយចំនួនដែលអ្នកគួរចាប់អារម្មណ៍ ដោយសារតែវាអាចផ្ដល់ផលអាក្រក់ដល់ស្បែកបាន៖

១០. របៀបនៃការគេង៖ នៅពេលដែលអ្នកគេងផ្កាប់មុខ ហើយបែរក្បាលរបស់អ្នកទៅម្ខាងនោះ គឺវានឹងបណ្ដាលឲ្យមានភាពតានតឹងនៅត្រង់-ក និងសាច់ដុំស្មារបស់អ្នកជាក់ជាមិនខាន។ វាថែមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលទៀតផង។ មិនត្រឹមតែប៉ុននេះទេ ស្នាមរង្វង់ខ្មៅនៅក្រោមភ្នែក ក៏ដូចជាការហើមមុខ គឺសុទ្ធតែជាផលវិបាកបណ្ដាលមកពីរបៀប ឬ ទីតាំងនៃការគេង។ ព្យាយាមគេងផ្អៀង ឬបែរចំហៀង ប៉ុន្តែមិនត្រូវគេងផ្អៀងទៅខាងដដែលរហូតនោះទេ។ ការគេងទីតាំងដដែលៗអាចធ្វើឲ្យទម្រង់មុខផ្លាស់ប្ដូរ។ ទោះជាយ៉ាងណា ការជ្រើសរើសខ្នើយកើយក៏ជារឿងសំខាន់មួយផងដែរ។ ប្រសិនជាអ្នកគេងលើខ្នើយខ្ពស់ពេកនោះវានឹងបង្អាក់ដល់លំហូរឈាម ហើយថែមទាំងផ្ដល់ស្នាមជ្រួញច្រើនទៀតលើ-ក ផងដែរ។ ចូរជ្រើសរើសខ្នើយកើយណាដែលធ្វើឲ្យកនៅត្រង់ ហើយចង្ការមិនប៉ះនឹងដើមទ្រូងក្នុងពេលគេង។
៩. មិនពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ៖ ការការពារពីពន្លឺព្រះអាទិត្យបានត្រឹមត្រូវ គឺជារូបមន្តសំងាត់នៃការទទួលបានសុខភាពស្បែកល្អស្រស់ស្អាត។ ទោះជាយ៉ាងណាក៏ដោយ ស្បែកនៅជុំវិញភ្នែករបស់អ្នក គឺស្ដើងខ្លាំងណាស់ ហេតុនេះវាងាយនឹងទទួលរងនូវភាពជ្រីវជ្រួញនៅពេលដែលអ្នកព្យាយាមមើលដោយបើកភ្នែកព្រឹមៗ ដោយសារចាំងពន្លឺខ្លាំង។ ដូច្នេះត្រូវតែពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅរាល់ពេលស្ថិតនៅក្រោមពន្លឺថ្ងៃ បើទោះជាក្នុងរដូវធ្លាក់ខ្យល់ក៏ដោយ។
៨. ការទំពារអាហារ៖ ប្រសិនបើអ្នកតែងតែ ឬទម្លាប់ទទួលទានអាហារដោយទំពារតែម្ខាងៗនោះ វាអាចនាំឲ្យមុខរបស់អ្នកមិនស៊ីមេទ្រីគ្នា ដោយសារសាច់ដុំផ្នែកម្ខាងរបស់អ្នកនឹងចុះខ្សោយជាងម្ខាង។
៧. ការនិយាយទូរស័ព្ទ៖ ការគៀបទូរស័ព្ទជាប់ចន្លោះត្រចៀកនិងស្មា ដើម្បីនិយាយនោះ គឺអាចមានផលវិបាកបណ្ដាលឲ្យ-ក របស់អ្នកប្រែជាជ្រីវជ្រួញ ព្រមទាំងធ្វើឲ្យថ្ពាល់ធ្លាក់ទៀតផង។ ប្រសិនបើអ្នកត្រូវការនិយាយទូរស័ព្ទញឹកញយនោះ អ្នកគួរជ្រើសរើសយកការពាក់កាសនិយាយ ឬ បើកសម្លេងឮចេញក្រៅ។
៦. ប្រើប្រាស់ថេបផ្លេត ឬ ទូរស័ព្ទស្មាតហ្វូន៖ ភាគច្រើននៃពួកយើងជាធម្មតាទម្លាប់អោនឬឈ្ងោកចុះក្រោម ដើម្បីចុចថេបផ្លេត ឬ ទូរស័ព្ទ ដែលនេះអាចបណ្ដាលឲ្យភ្នែកមានបញ្ហា ហើយធ្វើឲ្យ-ក របស់អ្នកប្រែជាដូច ក-អណ្ដើកថែមទៀត គឺមានសភាពជ្រួញ និងយាររយាក។ ហេតុនេះកុំព្យាយាមឈ្ងោកក្បាលចុះរហូតពេល នៅរាល់ពេលចុចលេងទូរស័ព្ទ។
៥. ច្រត់ចង្កា៖ ចូរកាត់បន្ថយទម្លាប់ច្រត់ចង្ការ នៅរាល់ពេលអង្គុយធ្វើការនៅមុខកុំព្យូរទ័រ ឬ ពេលអានអ្វីមួយ។ ស្បែកមុខរបស់អ្នកនឹងប្រែជាមិនសូវយឺតក្នុងសភាពទីតាំងបែបនេះ ហើយវានឹងចាប់ផ្ដើមយារធ្លាក់ជាមួយនឹងស្បែកជ្រួញដែលលេចឡើងមុនពេលកំណត់។
៤. ចងចិញ្ចើម៖ ភាពក្រៀមក្រំ ឬសោកសៅ នាំមកនូវការសម្ដែងបញ្ចេញទឹកមុខដែលប៉ះពាល់ដល់ស្បែករបស់អ្នកដូចជា ជ្រួញចិញ្ចើម ចងចិញ្ចើម ខាំបបូរមាត់ និងធ្វើឲ្យសាច់ដុំស្បែកមុខឡើងតឹង។ ហេតុនេះនៅរាល់ពេលដែលអ្នកចាប់អារម្មណ៍ថា កំពុងចងចិញ្ចើម ចូរព្យាយាមស្រមៃថាកម្រើកត្រចៀកទាំងសងខាងត្រឡប់មកក្រោយដោយមិនបាច់ប៉ះ។ បើទោះជាស្ដាប់ទៅគួរឲ្យអស់សំណើចក៏ពិតមែន ប៉ុន្តែវាអាចជួយដោះស្រាយបញ្ហាបាន ដោយសារតែវាមិនអាចទៅរួចទេដែលអ្នកអាចចងចញ្ចើមបាននៅខណៈពេលព្យាយាមទាញបញ្ជាត្រចៀកនោះ។
៣. ងូតទឹកក្ដៅយូរ ឬ ញឹកញាប់៖ បើទោះបីជាការងូតទឹកក្ដៅអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលស្រួលខ្លួនក៏ដោយ ក៏វាអាចនឹងបណ្ដាលឲ្យមានផលអាក្រក់ដល់ស្បែកបាន ប្រសិនណាបើអ្នកឧស្សាហ៍ងូតញឹកញយពេក។ នោះ គឺដោយសារតែស្រទាប់ខាងលើត្រូវបានបំផ្លាញ ហើយវានឹងធ្វើឲ្យស្បែកប្រែជាស្ងួត។ នេះជាមូលហេតុមួយដែលអ្នកមិនគួរព្យាយាមងូតទឹកក្តៅខ្លាំងពេក នៅពេលងូតទឹកផ្កាឈូក។
២. ប្រើប្រាស់ម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់ បានទាញយកជាតិសំណើមចេញពីខ្យល់ធ្វើឲ្យខ្យល់ប្រែជាស្ងួត។ ជាលទ្ធផល ស្បែករបស់អ្នកនឹងប្រែជាកាន់តែស្ងួត ដោយសារតែខ្យល់ម៉ាស៊ីនត្រជាក់។ហេតុនេះ អ្នកមិនគួរពឹងផ្អែកទៅលើម៉ាស៊ីនត្រជាក់គ្រប់ពេលឡើយ។ ប្រសិនជាត្រូវស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះ អ្នកគួរតែប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក ដើម្បីការពារ។
១. ស្រោមខ្នើយ៖ ស្រោមពូក ស្រោមខ្នើយ កម្រាលពូក ភួយជាដើមដែលធ្វើមកពីកប្បាស គឺជាជម្រើសល្អបំផុតត្រឹមត្រូវតាមស្ដង់ដាមួយ។ ស្រោមខ្នើយ ដែលបានមកពីការត្បាញអាចធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ស្បែកមុខរបស់អ្នកដោយធ្វើឲ្យមានភាពជ្រីវជ្រួញ ខណៈដែលអ្នកគេងផ្អៀងបែរមុខទៅម្ខាង ហើយឧស្សាហ៍រើរ។ ការរើរចុះឡើងនឹងធ្វើឲ្យមុខត្រូវត្រដុសនឹងស្រោមខ្នើយ។ ចូរព្យាយាមប្រើស្រោមខ្នើយធ្វើពីសូត្រ ឬ ក្រណាត់សាតាំងជំនួសវិញ។ កុំភ្លេចក្នុងការឧស្សាហ៍ផ្ដូរស្រោមខ្នើយឲ្យបានញឹកញាប់ផង ដើម្បីជៀសវាងនូវប្រមូលផ្ដុំបាក់តេរី និងកំទេចស្បែកដែលងាប់ជាប់លើស្រោមខ្នើយ។ វានឹងជួយការពារស្បែកមុខពីការរលាករោល៕
ប្រភព៖ Brightside

ប្រភព៖ Khmer Note