ទន្តពេទ្យអស់សំណើចសឹងតែគាំងស្លាប់ ដោយសារតែមានអ្នកជម្ងឺជា Annabelle មកពេទ្យពិនិត្យ

នៅក្នុងថ្ងៃបុណ្យ ហាឡូវីន អ្នកម្ដាយមួយរូបបានតុបតែងនិងស្លៀកពាក់ឲ្យកូនប្រុសរបស់ខ្លួនដូចទៅនឹង “Annabelle” ដែលជាតួតុក្កតាខ្មោចក្នុងរឿងរន្ធត់ដ៏ល្បីមួយមានចំណើងជើងថា “The Conjuring”។ ក្មេងប្រុសមិនពេញចិត្ត ឬចាប់អារម្មណ៍ខ្លាំងទៅលើសំលៀកបំពាក់ ក៏ដូចជាការតុបតែងរបស់ម្ដាយចំពោះគេនោះទេ ប៉ុន្តែទោះជាយ៉ាងណាស្ត្រីជាម្ដាយធ្វើបែបនេះ គឺគ្រាន់តែចង់ផ្ដល់ឲ្យកូនប្រុសនូវការចងចាំដ៏សប្បាយរីករាយហើយគួរឲ្យអស់សំណើចមួយដែលគេមិនអាចបំភ្លេចបាន។ អស់រយៈពេលប៉ុន្មានសប្តាហ៍ក្រោយពីការបញ្ចុះបញ្ចូលពីសំណាក់ម្ដាយ ទីបំផុតក្មេងប្រុសតូចក៏យល់ព្រមតុបតែងនិងស្លៀកពាក់ជា Annabelle។

ម្ដាយនិងកូនក៏បានចូលរៀបពិធីជប់លៀងហាឡូវីនដ៏សប្បាយជាមួយគ្នា ប៉ុន្តែពួកគេក៏មិនភ្លេចការណាត់ជួបជាមួយនឹងពេទ្យធ្មេញនៅក្នុងថ្ងៃតែមួយនេះដែរ។ ស្ត្រីជាម្ដាយក៏ប្រញាប់ប្រញាលនាំកូនធ្វើដំណើរសំដៅទៅគ្លីនិកពេទ្យធ្មេញភ្លាមៗ ដោយមិនទុកពេលឲ្យក្មេងប្រុសបានផ្លាស់ប្ដូរសម្លៀកបំពាក់សិនឡើយ ព្រោះដល់ម៉ោងណាត់ហើយ។

គ្រាន់តែក្មេងប្រុសបានមកដល់គ្លីនិកភ្លាម គ្រូពេទ្យធ្មេញនិងគិលានុបដ្ឋាយិកាមិនអាចមាននរណាទប់សំណើចខ្លួនឯងបានឡើយ ពួកគេសើចសឹងតែគាំង។ មានតែក្មេងប្រុសខ្លូនឯងប៉ុណ្ណោះដែលមិនសើច។ ក្រោយពីរូបភាពត្រូវបានបង្ហោះចូលបណ្ដាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានផងនោះ ក៏ទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធើណិតជាច្រើន ដោយពួកគេធ្វើការចែករំលែករូបភាពតៗគ្នា ព្រមទាំងបញ្ចេញមតិអស់សំណើច និងកំប្លែងថែមទៀតផង៕

ប្រភព៖ Khmer Note