សាមសុងបើកហាងទំនើបសាខាថ្មី ស្របតាមការកើនឡើង នៃតម្រូវការរបស់អតិថិជននៅភ្នំពេញ

ភ្នំពេញ, ថ្ងៃទី៦ ខែធ្នូ ២០១៦៖ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់ផលិតផល អេឡិចត្រូនិចនៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបើក សាខាហាងទំនើបថ្មីមួយទៀតនៅក្នុងទីក្រុងភ្នំពេញ។

ក្រុមហ៊ុនសាមសុងបានរៀបចំពិធីសម្ពោធជាផ្លូវហាងទំនើបសាមសុងដែលមានទីតាំងតាមបណ្តោយផ្លូវ ម៉ៅសាទុង កាលពីថ្ងៃទី ៦ ធ្នូ ២០១៧ ដោយមានវត្តមាននាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច និងឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមកាត់ខ្សែបូរផងដែរ។

អ្នកស្រីឆាយ ​នីកា​ ម្ចាស់អាជីវកម្ម KH Center បានមានប្រសាសន៍ថា ហាងទំនើបសាមសុងសាខាម៉ៅសេទុងនេះ គឺជាហាងទំនើបមួយ ដែលមានលក់ ទាំងផលិតផលទូរស័ព្ទដៃ ទាំងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដូចជាទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកគក់ ជាដើម។

អ្នកស្រី​នីកា បានមានប្រសាសន៍ថា «ឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទដៃម៉ាកសាមសុង កំពុង ទទួលបានការពេញនិយមគាំទ្រកាន់តែខ្លាំងនៅក្នុងទីផ្សារកម្ពុជា ដូច្នេះ យើងត្រូវការបើកសាខាបន្ថែមទៀត ដូចជានៅក្នុងថ្ងៃនេះ»។

លោកបានបន្ថែមថា «យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលមានវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់កិត្តិយសចូលរួមនៅក្នុងពិធីបើកសម្ពោធហាងថ្មីរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះ»។

បើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា “នេះគឺជាហាងទំនើបសាមសុងទី៦ នៅភ្នំពេញ ឬជាហាងទំនើបសាមសុងទី១០ សម្រាប់ ទូទាំងប្រទេស ដែលដាក់លក់ផលិតផលអេឡិចត្រូនិចជាមួយនឹងការធានាពីក្រុមហ៊ុនសាមសុង បន្ថែមលើការគាំទ្រពីសំណាក់ហាងលក់រាយរបស់អាជីវកររាប់ពាន់ ដែលតែងតែផ្តល់ការគាំទ្រដល់ ផលិតផលសាមសុងរបស់យើងរហូតរៀងមក”។

លោក Seungho Choi បានមានប្រសាសន៍ថា «ពិធីបើកសម្ពោធហាងទំនើបសាខាថ្មីនេះ គឺបង្ហាញពី ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន»។

លោកបានបន្តថា «ដើម្បីតបស្នងទៅដល់កម្ពុជាវិញ ក្រុមហ៊ុនសាមសុងថៃអេឡិចត្រូនិចសាខាកម្ពុជា តែងតែគិតគូរយ៉ាងម៉ត់ចត់អំពីផលប្រយោជន៍ទូទៅរបស់គ្រប់ភាគីទាំងអស់រួមមាន អ្នកប្រើប្រាស់ អាជីវករលក់រាយ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ»។