រំជួលចិត្តណាស់! ក្មេងស្រីម្នាក់សម្រេចចិត្តជ្រើសយកទូរស័ព្ទដែលមានតម្លៃថោកបំផុតមួយគ្រឿង ព្រោះមិនចង់ឲ្យឪពុក..

ហ្វីលីពីន៖ នាពេលបច្ចុប្បន្ន វាលែងជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតហើយនៅពេលដែលយើងប្រទះឃើញក្មេងៗសិស្សសាលាមានទូរស័ព្ទទំនើបៗកាន់ប្រើស្ទើរតែគ្រប់
ដៃនោះ។ ជាញឹកញយព្រោះតែតែភាពមិនចេះគិតឲ្យបានល្អិតល្អន់ក្មេងៗតែងរំអុកសុំឪពុកម្ដាយរបស់ពួកគេទិញ ឬប្ដូរម៉ូតទូរស័ព្ទទំនើបៗឲ្យទាន់សេរ៊ីថ្មីចុងក្រោយបំផុត
ដើម្បីយកគ្រឿងអេឡិចត្រូនិកមួយនេះមកបង្អួតដល់មិត្តភក្តិរបស់ពួកគេ ដោយមិនបានគិតខ្វល់ថាតើឪពុកម្ដាយរបស់ពួកគេអាចមាននឹងលទ្ធភាពគ្រប់គ្រាន់ ឬក៏អត់ឡើយ។ អ្វីដែលគួរឲ្យហួសចិត្តនោះគឺ ក្មេងៗមួយចំនួនដល់ថ្នាក់យកការសិក្សារៀនសូត្ររបស់ខ្លួនឯងមកធ្វើជាលេស បង្ខំឲ្យឪពុកម្ដាយធ្វើយ៉ាងណាក៏ដោយត្រូវទិញទូរស័ព្ទទំនើបៗឲ្យពួកគេឲ្យបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមែនក្មេងៗទាំងអស់សុទ្ធតែមិនចេះគិតដល់ការលំបាករបស់ឪពុកម្ដាយពួកគេនោះទេ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្មេងស្រីរៀនថ្នាក់ទី ១១ ម្នាក់ទទួលបានការសរសើរពីសំណាក់មនុស្សជាច្រើន ដោយសារតែការចេះគិតគូ មិនលោភលន់ចង់បានអ្វីដែលហួសពីសមត្ថភាព ក៏ដូចជាលទ្ធភាពដែលឪពុករបស់នាងមាន។ ក្មេងស្រីសម្រេចចិត្តជ្រើសរើសយកទូរស័ព្ទដែលមានតម្លៃថោកជាងគេបំផុតមួយ ជំនួសទូរស័ព្ទទំនើបដ៏ថ្លៃឯទៀត បើទោះជាឪពុករបស់នាងបានសួរនិងអនុញ្ញាតឲ្យនាងជ្រើសរើសយកទូរស័ព្ទមួយគ្រឿងណាក៏បានតាមចិត្តដែលនាងចង់ក៏ដោយ។

ព្រោះតែភាពរំជួលចិត្ត ព្រមទាំងរំភើបនឹងទង្វើរបស់ក្មេងស្រី ម្ចាស់គណនីហ្វេសប៊ុក Lyse Detoyato ដែលជាអ្នកលក់ទូរស័ព្ទមួយរូបផងដែរនោះបានសម្រេចចិត្តសរសេរបង្ហោះចែករំលែករឿងរ៉ាវទាក់ទងនឹងក្មេងស្រីម្នាក់ដែលត្រូវបានឪពុកជូនមកទិញទូរស័ព្ទនៅហាងរបស់នាង។ Detoyato បានសរសេររៀបរ៉ាប់ឲ្យដឹងថាសិស្សស្រីថ្នាក់ទី ១១ រូបនេះ កំពុងរកទិញទូរស័ព្ទមួយគ្រឿងដែលមានតម្លៃចន្លោះពី ២៥០០ ប៉េសូ ទៅ ៣៥០០ ប៉េសូ ដូច្នេះ Detoyato ក៏យកទូរស័ព្ទជាច្រើនគ្រឿងដែលសាកសមនឹងតម្លៃមកឲ្យក្មេងស្រីនិងឪពុករបស់រើសមើល។

ពិតណាស់ មួយគ្រឿងណាដែលមានតម្លៃថ្លៃជាងគេ គឺមានគុណភាពកាន់តែល្អ។ ទោះជាយ៉ាងណាក៏ដោយ Detoyato បានសម្គាល់ឃើញថា ក្មេងស្រីតែងលួចសម្លឹងដៀងភ្នែកទៅកាន់ឪពុកនាងជាញឹកញាប់។ ប្រហែលជាបានដឹងថាឪពុកគ្មានប្រាក់គ្រប់គ្រាន់ ក្មេងស្រីរូបនេះក៏សម្រេចចិត្តដោយឥតស្ទាក់ស្ទើរជ្រើសយកទូរស័ព្ទដែលថោកជាងគេបំផុតមួយគ្រឿង ដូច្នេះឪពុកនាងនឹងមានប្រាក់មួយចំនួននៅសល់បន្ទាប់ពីនាងបានទទួលទូរស័ព្ទដែលនាងត្រូវការ។ អ្នកលេងអុីនធើណិតជាច្រើននាំគ្នាសរសើរក្មេងស្រីចំពោះការដែលនាងចេះគិតគូរពីឪពុកជាងជ្រើសរើសនូវអ្វីមួយបំពេញតាមតែចិត្តខ្លូនឯង៕

ប្រភព៖  Khmer Note