ហោះឆ្លងប្រទេសពីមួយទៅមួយមិនអី មកដល់ខ្មែរចាប់ជាប់

រាជធានីភ្នំពេញ៖ជនជាតិប៊ែលហ្សិកម្នាក់ត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក១) សហការជាមួយសមត្ថកិច្ចគយ នគរបាលអន្តោប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនឆ្លងដែនតាមជើងអាកាសពីប្រទេសប្រេស៊ីល ឆ្លងកាត់អេត្យូពី-ថៃ មកកម្ពុជានៅចំណុចច្រកអ្នកដំណើរកាលពីថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា​ នព្វស័ក ពស២៥៦១​ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០និង១៣នាទី ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិកកាន់លិខិតឆ្លងដែនលេខ EN106323។​ វត្ថុតាងចាប់យកបានរួមមាន៖សារធាតុញៀនប្រភេទ Cocaine ទម្ងន់១០០៣,២៤ក្រាម លាក់ក្នុងបាតវ៉ាលិស,ទូរស័ព្ទដៃមួយគ្រឿង, លិខិតឆ្លងដែនមួយក្បាល, កាតសម្គាល់ខ្លួនមួយសន្លឹកនិងវ៉ាលិសមួយ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕


ប្រភព៖ Khmer Note