រថយន្តហ៊ីយ៉ាន់ដាយបើកលឿនពេកចាប់ហ្វ្រាំងមិនទាន់បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង

រាជធានីភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានបើកបរយ៉ាងលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏បានជ្រុលបុករថយន្តកុងតឺន័រ២គ្រឿង និងគៀរម៉ូតូមួយគ្រឿងទៀតបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទីទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួត តាមបណ្តោយអូឌឹមកប់ស្រូវ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D 4784 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន គាប់ជួនមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ក ៧៨២៤ ភព៣ បើកចេញពីផែស្ងួតឆ្លងផ្លូវបតឆ្វេងក៏បុកតែម្តង។ រថយន្តបង្កបានបួងចង្កូតមកខាងឆ្វេងកៀរម៉ូតូស្មាស់វី មួយគ្រឿងទៀត រងរបួសបុរសម្នាក់ ហើយរថយន្តបង្កបន្តទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវម្ខាងទៀតបណ្តាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំនិងតៃកុងរបួសស្រាលផងដែរ។

សាក្សីដដែលបន្តទៀតថា ភ្លាមនោះម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។មួយសន្ទុះក្រោយមកស្រាប់តែមានអ្នកតំណាងភាគីខាងរថយន្តបង្កចេញមុខមកដោះស្រាយ។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយអ្នកតំណាងខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅលើរថយន្តនិងម៉ូតូទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ប្រភព៖ Khmer Note