សំបុត្ររបស់ក្មេងស្រីមានជំងឺមហារីកម្នាក់ សរសេរឲ្យឪពុករបស់ខ្លួនឈប់ចំណាយលុយព្យាបាលជំរឺរបស់ខ្លួន កំពុងកក្រើកពេញបណ្តាញសង្គមចិន

ចិន៖ ជំងឺមហារីកបានសម្លាប់មនុស្ស និងបានផ្តល់នូវភាពសោកសៅដល់សមាជិកគ្រួសាររបស់ជនរងគ្រោះជាច្រើននាក់នៅជុំវិញពិភពលោកក្នុងមួយឆ្នាំៗ។ តួរយ៉ាង មានកុមារីដែលបានកើតជំងឺមហារីកគ្រាប់ឈាមម្នាក់បានសរសេរសំបុត្រមួយទៅកាន់ឪពុកម្តាយរបស់នាង ដែលអត្ថន័យនៅក្នុង សំបុត្រនោះបង្កប់នូវភាពរំជួលចិត្តជាខ្លាំង ហើយសំបុត្រនេះក៏បានធ្វើឲ្យកក្រើកក្នុងបណ្តាញសង្គមចិនផងដែរ។

កុមារីរងគ្រោះមានឈ្មោះថា  Zhang Jiaye អាយុ៧ឆ្នាំ រស់នៅក្នុងខេត្ត Heilongjiang ភាគខាងជើងប្រទេចិន។ កាលពីឆ្នាំ ២០១៦ កន្លងទៅ នាងត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាម ហើយចាប់តាំងពីពេលនោះមកឪពុកម្តាយរបស់នាងបានចំណាយអស់ប្រាក់ជាច្រើន និងត្រូវជំពាក់បំណុលគេចំ​នួន ៩២,១១៧ ដុល្លារទៀតផង ដើម្បីព្យាបាលរូបនាង។ ដោយដឹងថា គ្រួសារមានស្ថានភាពលំបាកដូចនេះ នាងបានសរសេរសំបុត្រមួយថា៖ “ប៉ា ! ខ្ញុំឃើញប៉ាយំថ្ងៃនេះ​ ខ្ញុំពិតជាសោកសៅខ្លាំងណាស់។ ខ្ញុំដឹងថាប៉ានិងម៉ាក់បានចំណាយលុយច្រើនណាស់ ដើម្បីព្យាបាលខ្ញុំ ហើយពេលនេះប៉ាក៏អស់លុយ ម៉ាក់ក៏អស់លុយដូចគ្នាដែរ។ ដូចនេះបើខ្ញុំទៅបាត់ ម៉ាក់នឹងត្រលប់ទៅរកប៉ាវិញ ហើយរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយដូចកាលពីមុន។ ខ្ញុំមិនចង់ព្យាបាលទៀតទេ យើងនាំគ្នាទៅផ្ទះវិញទៅ”។ សំបុត្រនេះ ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ហើយអ្នកប្រើប្រាស់បណ្តាសង្គមជាច្រើនបាននាំគ្នាប្រមូលប្រាក់បានចំនួន ៩៩,៦៦៦ ដុល្លារ ដើម្បីជួយកុមារីនេះទៀតផង។ ហើយពេលនេះកុមារីម្នាក់នេះកំពុងបន្តស្នាក់នៅ និងព្យាបាលនៅក្នុងមន្ទីពេទ្យដដែល៕

ភក្តី

ប្រភព៖ Khmer Note