ដើម្បីអាចថែរក្សាសុវត្ថិភាពរបស់ទារក ម្ដាយគ្រប់រូបគួរតែយល់ដឹងអំពីរឿងរ៉ាវមួយចំនួនទាំងនេះ 

យោងតាមការស្ទង់មតិមួយធ្វើឡើងដោយសហរដ្ឋអាមេរិចបង្ហាញថា ច្រើនជាង ៧៣ភាគរយ នៃស្ត្រីជាម្ដាយលើកដំបូងនៃក្មេងដែលមានវ័យក្រោម ១ឆ្នាំ តែងដាក់វត្ថុដូចជា ភួយ សម្ភារៈតុបតែង និងបន្ទះដែកដាក់ខាងក្រោយដើម្បីការពារការប៉ះទង្គិចនៅក្នុង ឬលើគ្រែក្មេងជាមួយនឹងកូនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ
ទង្វើទាំងនេះ គឺមានគ្រោះថ្នាក់ខ្លាំងមែនទែនចំពោះក្មេងដោយវាបង្កើនហានិភ័យនៃការថប់ដង្ហើមសម្រាប់ទារក។ ខាងក្រោមជារឿងសំខាន់ៗមួយចំនួនដែលម្តាយថ្មីថ្មោងត្រូវតែរក្សាទុកក្នុងចិត្តដើម្បីជាការធានាដល់សុវត្ថិភាពនៃទារកទើបនឹងកើតរបស់ពួកគេ ៖

១. ជឿជាក់លើញាណរបស់អ្នក ៖ អ្នកប្រាកដជាធ្លាប់បានលឺរួចមកហើយអំពីឃ្លាថា “បេះដូងរបស់ម្ដាយដឹងគ្រប់យ៉ាង” ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាមានអ្វីមិនស្រួលចំពោះកូន វាប្រហែលជាមិនស្រួលមែនហើយ។ ត្រូវជឿជាក់លើអារម្មណ៍ ឬសភាវគតិរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ព្រួយបារម្ភអំពីឥរិយាបថឬទម្លាប់នៃការបរិភោគរបស់កូន សូមស្វែងរកជំនួយពីគ្រូពេទ្យ ឬអ្នកជំនាញភ្លាមៗ។

២. ប្រើប្រាស់ស្នូលក្រដាសអនាម័យដើម្បីធ្វើតេស្ត នៅពេលជ្រើសរើសប្រដាប់ប្រដាក្មេងលេង ៖ វិធីនេះ គឺដើម្បីជៀសវាងឲ្យផុតពីប្រដាប់ប្រដាក្មេងលេងដែលអាចធ្វើឲ្យក្មេងលេបចូលហើយស្លាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់របស់លេងនោះចូលក្នុងប្រលោះនៃស្នូលក្រដាសអនាម័យ។ ប្រសិនបើវាចូលចុះ គឺមានន័យថារបស់នោះអាចធ្លាក់ចូលស្ទះជាប់បំពង់កកូនតូចរបស់អ្នកបាន ប្រសិនបើក្មេងចៃដន្យលេបចូល។

៣. កុំទុកក្មេងតូចចោលឲ្យនៅតែម្នាក់ឯង ៖ បើទោះជាក្នុងខណៈពេលដែលក្មេងកំពុងគេងលក់ក៏ដោយ ក៏អ្នកមិនគួរចេញទៅណាចោលគេឲ្យគេងតែម្នាក់ឯងដែរ
។ ពួកគេ គឺនៅតូចខ្លាំងណាស់ ហើយងាយនឹងរងគ្រោះបំផុត។ ប្រសិនបើអាចអ្នកគួរតែធ្វើការតម្លើងឧបករណ៍តាមដានចាប់សកម្មភាពនិងសម្លេងនៅក្បែរកន្លែងដែលកូនរបស់អ្នកគេង។ គួរចាំថា ការការពារ គឺតែងប្រសើរជាងព្យាបាល។ ការធ្វេសប្រហែសត្រឹមតែ ១ វិនាទី ក៏អាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងបានដែរ។

៤. ត្រូវមានការប្រុងប្រយ័ត្ន យកចិត្តទុកខ្ពស់ និងរហ័ស ៖ រៀបចំទុកដាក់របស់របរដែលអាចនឹងផ្ដល់គ្រោះថ្នាក់នៅកន្លែងមួយដែលត្រឹមត្រូវផុតពីដៃកូនៗរបស់អ្នក។ មានរបស់ច្រើនណាស់ដែលក្មេងតូចអាចយកមកដាក់ចូលក្នុងមាត់របស់ពួកគេ ហើយក៏មានរបស់ច្រើនណាស់ដែលមានមុតស្រួច និងងាយបែក ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំវត្ថុទាំងនោះមុននឹងហួសពេល។

៥. ព្យាយាមឲ្យកូនភ្លក្សស្គាល់រសជាតិនៃអាហារច្រើនប្រភេទក្នុងពេលតែមួយ ៖ វ័យ ៦ ខែ ជាវ័យដំបូងបំផុតដែលទារកអាចទទួលទានអាហារផ្សេងៗក្រៅពីទឹកដោះម្ដាយបាន។ ស្ត្រីដែលទើបនឹងក្លាយជាម្ដាយលើកដំបូងភាគច្រើន គឺមានអារម្មណ៍រំភើបចំពោះរឿងនេះ ហើយក៏ចាប់ផ្ដើមឲ្យកូនភ្លក្សរសជាតិអាហារជាច្រើនមុខ។ ទោះជាយ៉ាងណា អាហារមួយចំនួនដូចជា ទឹកដោះគោ ស៊ុត សណ្ដែកដី គ្រាប់ធញ្ញជាតិ ត្រី លៀស គ្រំ ខ្យង ខ្ចៅ សណ្ដែកសៀង និងស្រូវសាលី អាចបណ្តាលឱ្យមានប្រតិកម្មអាឡែកហ្សីចំពោះក្មេងតូច។ ដូច្នេះហើយទើបជាទូទៅវេជ្ជបណ្ឌិតបានធ្វើការណែនាំទៅឪពុកម្ដាយថា គួរតែឲ្យកូនទទួលទានអាហារប្រភេទណាមួយដដែលៗឲ្យបានរយៈពេលពី ៤ ទៅ ៥ថ្ងៃ សិន សឹមឲ្យពួកគេភ្លក្សរសជាតិអាហារថ្មីផ្សេងទៀត។ ម្យ៉ាងវិញទៀត របៀបនេះក៏ធ្វើឲ្យទារកចាប់ផ្ដើមស្គាល់រសជាតិអាហារក្នុងប្រភេទផ្សេងៗគ្នាបានផងដែរ។

៦. ប្រុងប្រយ័ត្នចំពោះការកម្ដៅអាហារ និងទឹកដោះគោឡើងវិញ ៖ ទឹកក្ដៅមួយចានគោម គឺជាអ្វីដែលអ្នកគួរតែត្រូវការ ក៏ព្រោះម៉ាស៊ីនកម្ដៅម្ហូបអាហារមិនត្រឹមតែផ្ដល់ផលប៉ះពាល់មិនល្អលើអាហារប៉ុណ្ណោះទេ ប៉ុន្តែការប្រែប្រួលនៃសីតុណ្ហភាពអាចនាំមានផលប៉ះពាល់ចំពោះទារកផងដែរដូចជា ធ្វើឲ្យមានការរលាកក្នុងមាត់របស់ពួកគេ។ ដូច្នេះប្រសិនបើចង់កម្ដៅទឹកដោះគោ អ្នកគ្រាន់តែដាក់ដបទឹកដោះគោចូលត្រាំក្នុងចានទឹកក្ដៅជាការស្រេច។ ចំពោះអាហារនៅពេលកម្ដៅហើយ អ្នកត្រូវកូរឲ្យត្រជាក់ត្រឹមត្រូវសិនមុននឹងបញ្ចុកទារក ហើយចំណែកទឹកដោះគោវិញកុំភ្លេចធ្វើការបន្តក់ទឹកគោប៉ុន្មានដំណក់លើខ្នងដៃជាមុនសិន ដើម្បីប្រាកដថាមិនក្ដៅខ្លាំងអាចឲ្យទារកទទួលទានបាន។

៧.ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលនាំកូនជិះឡានជាមួយ ៖ មិនគួរចុចទូរស័ព្ទ ឬផ្ដោតអារម្មណ៍តែនៅលើទូរស័ព្ទក្នុងខណៈពេលកំពុងបើកបរឡើយ វាជាចំណុចដែលអ្នកគួរតែគោរពតាមបើទោះអ្នកបើកបរតែម្នាក់ឯងគ្មានកូនតូចជិះជាមួយក៏ដោយ។ ចំណុចសំខាន់មួយផ្សេងទៀត គឺខ្សែក្រវ៉ាត់រថយន្ត។ គ្រាន់តែដាក់ខ្សែក្រវ៉ាត់ឲ្យកូន គឺមិនទាន់គ្រប់គ្រាន់នោះទេ លុះត្រាតែអ្នកបានដាក់ខ្សែក្រវ៉ាត់ឲ្យពួកគេបានត្រឹមត្រូវជាប់ជាមុនសិន។

៨. រៀនពីរបៀបជួយដល់កូនរបស់អ្នកឲ្យបៅបានត្រឹមត្រូវ ៖ ថ្ងៃដំបូងបំផុតនៃជីវិតរបស់ទារក គឺមិនត្រឹមតែមិនស្រួលសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្កែវាក៏ជារឿងពិបាកសម្រាប់ម្តាយផងដែរ។ រឿងដំបូងបំផុតដែលមាតាព្យាយាមធ្វើ គឺការបំបៅដោះកូន។ អ្វីដែលអ្នកត្រូវធ្វើ គឺសុំជំនួយពីអ្នកជំនាញ បើទោះជាត្រូវសួរ ១០០ ដងក៏
ដោយ។ វាជារឿងសំខាន់ដែលនៅមុនពេលចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ស្ត្រីជាម្ដាយគួរតែបានរៀនពីរបៀបដែលអាចជួយឲ្យកូនបៅបានត្រឹមត្រូវ។ តើអ្នកធ្លាប់ដឹងទេថា ប្រសិនបើទារកបៅដោះរបស់ម្ដាយមិនបានត្រឹមត្រូវ ស្ត្រីជាម្ដាយអាចនឹងទទួលរងនូវការវិវត្តទៅជាជំងឺឆ្លងធ្ងន់ធ្ងរ? ចូរកុំស្ទាក់ស្ទើរក្នុងការប្រើប្រាស់ប្រដាប់ការពារសុដន់ជាមធ្យោបាយចុងក្រោយបំផុត។

៩. ការងូតទឹកឲ្យទារក ៖ ចំណុចដ៏សំខាន់បំផុត គឺផ្ដោតការយកចិត្តទុកដាក់លើទារកកុំឲ្យផុតពីក្រសែភ្នែកគ្រប់ពេលវេលា។ អ្នកមិនត្រូវទុកកូនចោលក្នុងអាងងូតទឹកតែឯងដើម្បីទៅទទួលទូរស័ព្ទ ឬធ្វើរឿងអ្វីផ្សេងឡើយ។ ត្រូវចាំថាស្បែករបស់ទារក គឺខ្ចី និងស្ដើងណាស់ ហេតុនេះត្រូវគិតគូរអំពីសីតុណ្ហភាពនៃទឹកជានិច្ចមុននឹងធ្វើការងូតឲ្យកូន។ ត្រូវធ្វើការពិនិត្យកែងដៃរបស់កូនរាល់ពេលដើម្បីប្រាកដថាទឹកមិនធ្វើឲ្យរលាកដល់ស្បែកកូន។ ចំណុចចុងក្រោយបំផុត គឺសូមកាន់ ឬទ្រកូនឲ្យជាប់នៅពេលធ្វើការងូតទឹកឲ្យគេ។

១០. កុំដាក់របស់មិនចាំផ្សេងៗលើគ្រែកូន ៖ អ្នកមិនគួរដាក់ខ្នើយ ឬភួយច្រើនបន្ថែមនៅលើគ្រែកូនឡើយ ក៏ព្រោះរបស់ទាំងនេះអាចធ្វើឲ្យកូនរបស់អ្នកមានគ្រោះថ្នាក់ដល់ជីវិត ដោយសារតែការថប់ដង្ហើម។ បើទោះជាកូនរបស់អ្នកនៅតូចមិនទាន់អាចផ្លាស់ទីបានក៏ដោយ ក៏អ្នកមិនគួរប្រថុយជាមួយនឹងហានិភ័យមួយនេះដែរ៕

ប្រភព ៖ Khmer Note