អ្នកមិនគួរធ្វេសប្រហែសមើលរំលង រោគសញ្ញាព្រមានទាំង ១០ នៃជម្ងឺប្រព័ន្ធភាពស៊ាំឡើយ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន

ជម្ងឺអូតូអ៊ុយមីន គឺជាជម្ងឺមួយដែលប្រព័ន្ធភាពស៊ាំដំណើរការខុសប្រក្រតី ហើយចាប់ផ្ដើមវាយប្រហារផ្នែកណាមួយនៃរាងកាយរបស់អ្នក។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ជំងឺអូតូអ៊ុយមីន គឺជាបុព្វហេតុមួយក្នុងចំនោមបុព្វហេតុទាំង ១០ ដែលបណ្តាលឱ្យមានមរណៈភាពនៃស្ត្រីគ្រប់រូបដែលស្ថិតក្រោមវ័យ ៦៤ ឆ្នាំ។ ជម្ងឺ
អូតូអ៊ុយមីនមានច្រើនជាង ៨០ ប្រភេទ ខុសៗពីគ្នា ប៉ុន្តែរោគសញ្ញាមួយចំនួនមានលក្ខណៈទូទៅចំពោះគ្រប់ប្រភេទនៃជម្ងឺនេះ។ ការយល់ដឹងពីរោគសញ្ញាដំបូងនៃជម្ងឺអូតូអ៊ុយមីន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយវាអាចជួយឲ្យអ្នកទទួលបានការព្យាបាលទាន់ពេលវេលា។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលបង្ហាញថា កំពុងតែមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងចំពោះប្រព័ន្ធភាពស៊ាំរបស់អ្នក ហើយវាក៏ដល់ពេលដែលអ្នកត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ៖

១. ឈឺក្បាល ខ្សោយខួរក្បាល និងបញ្ហាផ្សេងៗពាក់ព័ន្ធស្មារតី ៖ ការឈឺក្បាល ក៏ដូចជាខួរក្បាលចុះអន់ខ្សោយ និងរោគសញ្ញាជាក់លាក់ដទៃទៀត គឺអាចមានឥទ្ធិពលអាក្រក់ប៉ះពាល់ដល់ជីវិតរបស់ពួកយើងបាន។ រោគសញ្ញាទាំងនេះអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្ត្រេសតានតឹង ឬកង្វះនៃការគេង ប៉ុន្តែវាក៏ជាសញ្ញានៃភាពអសមត្ថភាពក្នុងប្រព័ន្ធភាពស៊ាំរបស់យើងផងដែរ (ឧទាហរណ៍ដូចជា ជំងឺលុយពីស ឬជំងឺស្លេកស្លាំងជាដើម)។

២. មុន និងបញ្ហាជម្ងឺស្បែកផ្សេងៗ ៖ បញ្ហាស្បែក គឺអាចធ្វើឱ្យមានការរំខានយ៉ាងខ្លាំង។ បើសិនជាឱសថធម្មតាមិនមានប្រសិទ្ធភាពជួយអ្នកបានទេនោះ អ្នកត្រូវរកពេលណាត់ជួបជាមួយនឹងគ្រូពេទ្យឲ្យបានលឿនបំផុត ក៏ព្រោះរោគសញ្ញាទាំងនេះអាចបណ្តាលមកពី ជម្ងឺស្លេកស្លាំង ជំងឺស្បែករបកក្រហម ជម្ងឺស្បែក
scleroderma និងជំងឺផ្សេងៗច្រើនទៀត។

៣. ជម្ងឺហឺត ៖ មានការសង្ស័យមួយចំនួនលើកឡើងថា ជំងឺហឺតអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺប្រព័ន្ធភាពស៊ាំអូតូអ៊ុយមីន (autoimmune)។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានការស្រាវជ្រាវច្រើនទៀតដែលបង្ហាញពីមូលហេតុនៃជំងឺអូតូអ៊ុយមីនជាមូលដ្ឋាននៃចំពោះជំងឺហឺតនេះ។

៤. អស់កម្លាំងល្ហិតល្ហៃខុសពីធម្មតា ៖ វាជារោគសញ្ញាដ៏ទូទៅបំផុតចំពោះស្ទើរតែគ្រប់ស្ថានភាព ក៏ដូចជាប្រភេទនៃជម្ងឺអូតូអ៊ុយមីន។

៥. សាច់ដុំឡើងរឹង ឈឺចាប់សាច់ដុំ និងខ្សោយសាច់ដុំ ៖ ជាធម្មតាការឈឺចាប់ និងចុះអន់ខ្សោយនៃសាច់ដុំ អាចបណ្ដាលមកពីសកម្មភាពប្រចាំថ្ងៃដូចជា ការដើរឡើងជណ្ដើរ ឬការយួររបស់ធ្ងន់ៗ។ រោគសញ្ញាទាំងនេះអាចនឹងបាត់ទៅវិញដោយឯកឯង ក៏ប៉ុន្តែវានៅតែអាចជាសញ្ញាមួយដែលអ្នកមិនគួរមើលរំលងមិនអើពើផង
ដែរ ដោយវាអាចបណ្ដាលមកពីជម្ងឺប្រព័ន្ធភាពស៊ាំអូតូអ៊ុយមីនដូចជា ជម្ងឺរលាកថ្លើម ជំងឺក្រពេញទីរ៉ូអ៊ីត ជម្ងឺស្បែករបកក្រហម ជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជម្ងឺផ្សេងៗច្រើនទៀត។

៦. ហើមពោះ រាគ ឈឺក្នុងពោះ ទល់លាមក ៖ បញ្ហាពាក់ព័ន្ធនឹងការរំលាយអាហារ គឺអាចជាសញ្ញាមួយនៃជំងឺអូតូអ៊ុយមីនដូចជា ជម្ងឺរលាកពោះវៀន ជំងឺក្រពេញ
ទីរ៉ូអ៊ីត និងជំងឺដទៃទៀត។

៧. កើន ឬស្រកទម្ងន់ ៖ ជម្ងឺអូតូអ៊ុយមីនមួយចំនួនអាចប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីតដែលជាសរីរាង្គគ្រប់គ្រងដំណើរការនៃការរំលាយអាហារជាច្រើននៅក្នុងរាងកាយរបស់យើង។ ប្រសិនបើវាចាប់ផ្តើមផលិតអ័រម៉ូនច្រើនលើស ឬមិនផលិតអ័រម៉ូនគ្រប់គ្រាន់ទេនោះមនុស្សអាចស្រក ឬឡើងទម្ងន់។

៨. ស្ពឹកស្ពន់ដៃជើង ៖ ប្រសិនបើបញ្ហានេះកើតឡើងពី ៣ ទៅ ៤ ថ្ងៃក្នុងមួយសប្តាហ៍ រួមជាមួយនឹងរោគសញ្ញាដទៃទៀតនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ក៏ព្រោះវាអាចជាសញ្ញាមួយនៃបញ្ហាធ្ងន់ធ្ងរផ្សេងៗ។

៩. ជ្រុះសក់ ៖ ប្រសិនបើប្រព័ន្ធភាពស៊ាំចាប់ផ្ដើមវាយប្រហារឫសនៃសក់របស់យើងនោះវានឹងបណ្តាលឱ្យមានការបាត់បង់ ឬជ្រុះសក់ជាក់ជាមិនខាន។ ដំណើរការនេះចាប់ផ្តើមដំបូងឡើងជាការរលាកលើស្បែកក្បាល។ វាក៏អាចប៉ះពាល់ដល់រោមនៅលើផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកផងដែរ។

១០. គ្រុនក្ដៅ ៖ ការក្ដៅខ្លួនដោយគ្មានរោគសញ្ញានៃជម្ងឺគ្រុនក្ដៅណាមួយអមជាមួយ គឺជាបញ្ហាដែលអ្នកមិនគួរមិនអើពើឡើយ។ ជម្ងឺគ្រុនក្តៅអាចត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺជាច្រើនផ្សេងទៀត ហើយជំងឺអូតូអ៊ុយមីន គឺជាជម្ងឺមួយក្នុងចំណោមជម្ងឺទាំងនោះ៕

កុំអស់សង្ឃឹម ឬបារម្ភខ្លាំងពេក បើសិនជាអ្នកបានកត់សម្គាល់ឃើញថាមានរោគសញ្ញាទាំងនេះ ក៏ព្រោះពេលខ្លះវាអាចបណ្ដាលមកពីមូលហេតុផ្សេងជាច្រើនទៀត។ ប៉ុន្តែរឿងដំបូងបំផុតដែលអ្នកគួរតែធ្វើ គឺទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យ។ ត្រូវចាំថាការពារប្រសើរជាព្យាបាល!

ប្រភព ៖ Khmer Note