ហេតុអ្វីគេតែងនិយមឡកម៉ុងសាយ ពេលមានពិធីបុណ្យធំៗ?

ថ្ងៃចូលឆ្នាំចិនកាន់តែកៀកខិតជិតមកដល់ បងប្អូនប្រជាជនចិនមានជំនឿ និងទំនៀមទម្លាប់ជាច្រើន ធ្វើឡើងក្នុងគោលបំណងសម្រាប់សុំក្ដីសុខក្នុងឆ្នាំថ្មី ដូចជាការតុបតែងផ្ទះ ដើមអង្គារសិល្ប៍ ក្រូច គោម និងដុតផាវជាដើម។ ក្រៅពីជំនឿខាងគ្រឿងរណ្ដាប់សែនព្រេនហើយ ក្នុងនោះជំនឿមួយដ៏ធំបំផុតរបស់ចិនគឺ ឲ្យម៉ុងសាយលោត ដែលភាគច្រើននិយមហៅតៗថា «ឡកម៉ុងសាយ» នេះឯង។ ចុះការលោតម៉ុងសាយនេះ មានប្រវត្តិយ៉ាងណា និងតាំងពីពេលណាមក? ជាក់ស្ដែង ម៉ុងសាយ ត្រូវបានប្រជាជនចិននិយមឲ្យមកសម្ដែងនៅមុខផ្ទះ រឹហាងជំនួញរកស៊ី ក្នុងឱកាសពិធីបុណ្យធំៗ បន់ស្រន់ រឺ អបអរអ្វីមួយ ជាពិសេសគឺបុណ្យចូលឆ្នាំចិនតែម្ដង ដោយគេជឿថា ការធ្វើបែបនេះនឹងនាំសិរីសួស្តី បណ្ដេញឧបទ្រពចេញឲ្យអស់។

បើតាមប្រវត្តិសាស្រ្តរបស់ចិនដែលបានរៀបរាប់មកនៅចន្លោះ ព.ស. ៨៥០ – ព.ស.១១៣២ បានឲ្យដឹងថា ការលោតម៉ុងសាយ មានកំណើតឡើងដោយសារ អ្នកភូមិតែងមានទម្លាប់យកក្បាលតោមកពាក់ ហើយលោតញញាក់ញញ័រ ដេញខ្មោចព្រាយបិសាច ដែលនឹងចេញមកស៊ីមនុស្ស រួមទាំងសត្វចិញ្ចឹមនៅក្នុងភូមិ ហើយគិតថាការធ្វើបែបនេះ នឹងអាចដេញខ្មោចព្រាយបិសាចបាន។ លុះយូរៗទៅ ក៏នាំគ្នាអនុវត្តតាមតៗគ្នា រហូតក្លាយជាទំនៀមទម្លាប់ ប្រពៃណីបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ។

យ៉ាងណាមិញ មនុស្សភាគច្រើនតែងតែច្រឡំថា ការលោតម៉ុងសាយ និងការរាំនាគជាការសម្តែងតែមួយ។ ប៉ុន្តែវាខុសគ្នាស្រឡះ ដោយស្ថិតត្រង់ថា «ការលោតម៉ុងសាយ» គឺមានអ្នករាំតែ២នាក់តែប៉ុណ្ណោះ ហើយសម្តែងជាសត្វតោ១ក្បាលហក់លោតលើដែកខ្ពស់ៗ។ រីឯ «ការរាំជាសត្វនាគ» វិញត្រូវមានអ្នករាំច្រើននាក់ តម្រៀបគ្នាកាន់សត្វនាគតាំងពីក្បាលរហូតដល់កន្ទុយ និងស្ថិតដីរាបមិនមានការហក់លោតដូចម៉ុងសាយឡើយ៕

ប្រភព៖ Khmer Note