ហុងដា ជួបរឿងស៊យ ពេលចូលដល់ទឹកដីអូស្ត្រាលី ស្ទើរតែគ្មានសម្លៀកបំពាក់ សម្រាប់ពាក់សម្តែង…

បន្ទាប់ពីចេញសំដែង នៅប្រទេសអូស្ត្រាលីមួយរយៈ ក្រុមសិល្បៈខ្មែរយើង ដែលមាននាយហុងដារ ទៅចូលរួមផងដែរនោះ បានមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានសម្តែង អស់រយៈពេលជាង២ខែ នៅទីនោះ។ អ្វីដែលអ្នកសារព័ត៌មានចាប់អារម្មណ៍នោះ គឺបន្ទាប់ពីមកដល់ប្រទេសកម្ពុជាវិញ នាយ ហុងដា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីទូរទស្សន៍មួយ ដើម្បីសួរដេញដោល នូវរឿងរ៉ាវខ្លះៗ ពីជីវិតរបស់លោក និងពេលដែលលោកទៅសម្តែងនៅ ប្រទេសអូស្ត្រាលីផងដែរ ។

អ្វីដែលទស្សនិកជន មានការអាណិតអាសូរដល់រូបលោកនោះ គឺពេលដែលលោក រៀបរាប់រឿងស៊យមួយ ដែលលោកបានជួបនៅក្នុងប្រទេសអូស្ត្រាលី ដោយលោកបានរៀបរាប់ថា “នៅពេលដែលលោក ទៅដល់ប្រទេសអូស្ត្រាលី លោកស្ទើរតែគ្មានខោអាវ សម្រាប់ស្លៀកឡើងសម្តែងទៅហើយ ព្រោះពេលដែលរៀប check in ឡើងយន្តហោះ ចេញពីប្រទេសកម្ពុជានោះ លោកបានយកឥវ៉ាន់របស់ខ្លួន ហើយទៅ Check in ជាមួយអ្នកផ្សេង ហើយអ្នកដែលលោក ដាក់ឥវ៉ានជាមួយនោះ ខកខានមិនបានទៅជាមួយនោះទេ ដូច្នេះហើយទើបឥវ៉ាន់របស់លោក មិនអាចយកចេញពីព្រលាន យន្តហោះអូស្ត្រាលីឡើយ ។ តែសំណាងល្អ ដោយមានការសម្របសម្រួល និងការជួយជ្រោមជ្រែងពីអ្នកនៅទីនោះ លោកក៏បានយកឥវ៉ានចេញបាន” ។

លោកក៏បានរៀបរាប់ ពីការសម្តែងនៅប្រទេសអូស្ត្រាលី ជាមួយនិងតារាសម្តែងដទៃទៀត គឺទទួលបានជោគជ័យ គ្រប់ៗគ្នាផងដែរ ៕