ផ្ទុះភ្នំភ្លើងនៅហ្គាតេម៉ាឡា ចំនួនអ្នកស្លាប់កើនឡើង 25 នាក់ និងបាត់ខ្លួនជាច្រើននាក់

យោងតាមរបាយការណ៍ របស់អាជ្ញាធរប្រទេសហ្គាតេម៉ាឡា បានធ្វើការប្រកាសពីល្ងាចថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ ដោយសារតែការផ្ទុះភ្នំភ្លើង ហ្វូគូហ្គូ បានកើនឡើងរហូតដល់២៥នាក់ហើយ ហើយមានមនុស្សចំនួន ៦៥៣នាក់ទៀត បានត្រូវផ្លាស់ទីលំនៅ ចេញពីទីកន្លែងនោះ នេះបើយោងតាមការធ្វើសន្និសិទ្ធកាសែតមួយ នាវេលាម៉ោង៩យប់ ម៉ោងក្នុងស្រុក។

គណៈកម្មការ CONRED បានបញ្ជាក់ផងដែរថា មនុស្សជាង៣១០០នាក់ ត្រូវបានជម្លៀសចេញ និងមនុស្សជាច្រើននាក់ទៀត កំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍ ដ៏រន្ធត់ខាងលើនេះ ។ សូមបញ្ជាក់ថា ភ្នំភ្លើងឈ្មោះ ហ្វូគូហ្គូ បានផ្ទុះឡើងនាវេលាម៉ោងថ្ងៃត្រង់ ម៉ោងក្នុងស្រុក ហើយបានសាយភាយកម្អែលផេះ និងផ្កាភ្លើងយ៉ាងធំ គ្របដណ្តប់តំបន់នោះតែម្តង ។

បើតាមព័ត៌មានបឋមពីគណៈកម្មការ CONRED បានឲ្យដឹងថា ការផ្ទុះនេះគឺជាការរញ្ជួយ ខ្លាំងបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រជាជនប្រហែល១,៧លាននាក់ បានរងផលប៉ះពាល់ ហើយលោក Sergio Garcia Cabanas លេខាធិការ CONRED បាននិយាយថា ភូមិ El Rodeo គឺជាតំបន់រងគ្រោះធំបំផុត បន្ទាប់ពី «លំហូរកម្អែរផេះ និងល្បាប់ភ្នំភ្លើងបានហូរបុកចូលផ្ទះពលរដ្ឋមួយខ្នង … ធ្វើឱ្យមនុស្ស៤នាក់ស្លាប់»។

ចំណែកឯសមត្ថកិច្ចនៅតំបន់នោះ បាននិយាយថា ភូមិនេះទាំងមូល ត្រូវបានគ្របដណ្តប់ដោយការផ្ទុះភ្នំភ្លើងនេះ ភ្នំភ្លើង Fuego ស្ថិតនៅចម្ងាយប្រហែល 50 គីឡូម៉ែត្រភាគខាងលិច រដ្ឋធានី បានផ្ទុះឡើងពីរដងកាលពីថ្ងៃអាទិត្យ ។ លើកទីមួយ ដែលបានកើតឡើងនៅម៉ោង ក្នុងស្រុកប្រហែលម៉ោង 11:00 (GMT) បង្កើតបានជាផេះបក់បោក កំពស់១គីឡូម៉ែត្រ និងមានចម្ងាយពីគ្នាជាច្រើនគីឡូម៉ែត្រ ។ រីឯមួយលើកទៀត មានកម្លាំងខ្លាំងក្លាជាងមុន គឺនៅម៉ោងក្នុងស្រុកប្រហែលម៉ោង 16:00 (ម៉ោង 23 GMT) ។

នៅក្នុងសន្និសីទសារព័ត៌ រដ្ឋមន្ត្រីប្រទេសនេះ ក៏បាននិយាយបញ្ជាក់ថា ក្រសួងការពារជាតិ បានបញ្ជូនកងទ័ពចំនួន 296 នាក់ ខណៈពេលដែលរដ្ឋាភិបាល បានបញ្ជូនមន្ត្រីរាជការ 900នាក់ ឲ្យទៅកាន់តំបន់រងគ្រោះ។ រដ្ឋាភិបាលបានណែនាំប្រជាពលរដ្ឋ ឱ្យប្រើរបាំងការពារ នៅពេលដែលនៅខាងក្រៅផ្ទះ តាមការណែនាំរបស់អាជ្ញាធរ ដែលចុះជួយសង្គ្រោះគ្រោះមហន្តរាយ និងនៅឆ្ងាយពីតំបន់ភ្នំភ្លើង នៅពេលមនុស្សពីរនាក់ បានស្លាប់ពេលកំពុងមើលការផ្ទុះនេះ ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសហ្គាតេម៉ាឡា បានប្រកាសពីការបិទប្រតិបត្តិការ ជាបណ្តោះអាសន្ននៅព្រលានយន្តហោះអន្តរជាតិ ទីក្រុងហ្គាតេម៉ាឡា ដោយសារតែការផ្ទុះភ្នំភ្លើង ដ៏ធំមួយនេះ ។ អាកាសយានដ្ឋានអន្តរជាតិ La Aurora របស់រដ្ឋធានី នឹងនៅតែបិទទ្វាររហូតទាល់តែសុវត្ថិភាព នៃប្រតិបត្តិការខ្យល់អាកាសត្រូវបានធានាជាមុនសិន។

យោងតាមអ្នកជំនាញភ្នំភ្លើងបានឱ្យដឹងថា ភ្នំភ្លើង Fuego Volcano ដែលជាភ្នំភ្លើងសកម្មបំផុត របស់ប្រទេសនេះ មានអាយុកាល 1542 ឆ្នាំមកហើយ។ ភ្នំភ្លើងដ៏កាចសាហាវនេះ អាចបាញ់បង្ហើរផេះទាំងស្រុង ទៅប្រទេសជិតខាងភាគខាងត្បូង នៃប្រទេស El Salvador និងប្រទេសហុងឌូរ៉ាសផងដែរ ៕