ព្រឹក​នេះ ចាប់ផ្ដើម​ស្រាវជ្រាវ​ រឿង​មេ​ប៉េ​អឹ​ម​ខេត្តព្រះវិហារ ​ស៊ីដាច់​ប្រាក់​កូនចៅ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨ នេះ​គណៈកម្មការ​ចំពោះ​កិច្ច ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ត្រូវ​បាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់​ថា បាន​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ថ​ចំនួន​៨០​លាន​រៀល ដែល​ជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ ។

ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ បន្ទាប់​ពី​មានការ​ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ទើប​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ចុះ​ធ្វើ​អធិការកិច្ច ដើម្បី​ឲ្យ​ដឹង​ការ​ពិត ថ្ងៃ​ទី​១៧ កញ្ញា ។

ប្រភព​ច្បាស់​ការណ៍​មួយ បាន​ឲ្យ​ដឹង​ថា លោក កង សៅ​គុណ បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ប្រមាណ​ជា ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព «​ខ​26-2» កាលពីមុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ។

ប្រភព​ដដែល​បាន​ទម្លាយ​ទៀត​ថា ក្រៅពី​លុយ​៨០​លាន​រៀល លោក កង សៅ​គុណ បាន​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត រួម​មាន ៖
១៖ យក​ដី​អង្គភាព មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដូច​ជា​ដី​នៅ​ស្នាក់​ការ​ស្រ​យ៉ង់ និង ដី​ស្នាក់​ការ​កំពង់​ស្រឡៅ​។
២៖ បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយ​ខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួត​ថា​ខ្លួន​ជា​អ្នក​កសាង​។
៣៖ គំរាម​គំ​ហែង​មេបញ្ជាការ​រង រហូត​ដល់​យុទ្ធ​ជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។
៤៖ ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃ​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ទៅ​វិញ​។
៥៖ ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅ​ក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។
៦៖ ចំពោះ​ឡាន​យី​ឌុ​ប​ដឹកឈើ​ខុសច្បាប់​ផ្សេង​ៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បាន​បញ្ជាក់​អះអាង​ថា ការ​ទទួល​ប្រាក់​ពី​សកម្មភាព​ផ្ទុយ​ច្បាប់​នេះ លោក កង សៅ​គុណ ប្រគល់​ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់​លោក ជា​អ្នក​យក​លុយ នៅ​ចំណុច​ស្នាក់​ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្តព្រះវិហារ និង​កំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យក​លុយ​នៅ​ស្នាក់​ការ​សន្តិសុខ ព្រំប្រទល់​ខេត្តព្រះវិហារ និង​សៀមរាប ។

ចំណែកឯ លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ចោទប្រកាន់​នោះ​ទេ ។ ទោះជា​យ៉ាងណា រឿង​នេះ​ទុក​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច ពិនិត្យ​ម​មើលចុះ ៕