មកពីទិញសាច់កាប់ មិនទាន់ទាំងបានហូបផង ត្រូវអស់ជីវិតក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍

ភ្នំពេញ៖ បុរសម្នាក់ចេញពីទិញសាច់កាប់វិញបានជិះម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយត្ន័ ត្រូវបានរថយន្តសណ្តោងដឹកស៊ីទែនស៊ីម៉ងត៍បើកកៀរ បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូដួលចូលក្រោមរថយន្ត កិនធ្លាយខួរស្លាប់ យ៉ាងអនោចអធ័ម ដែលហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ទុលមុខវត្តស្លែង ផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក SUZUKI VIVA សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2111។ ចំនែកអ្នកបើកបរ រថយន្តបង្ករមានឈ្មោះ ទូច វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើត ភូមិត្រាំងត្បាល ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បើករថយន្តបង្ករ សណ្តោងស៊ីទែនស៊ីម៉ងត៍ ទីក្រុងកោះពេជ្រ ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-6306 ។

តាមសម្តីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសខាងលើចេញពីទិញសាច់កាប់ នៅម្តុំផ្លូវបេតុព្រៃស កែងនិងផ្លូវជាតិលេខ៣ នៅពេលទិញសាច់កាប់ហើយ បុរសរូបនោះ បានជិះម៉ូតូរបស់គាត់ ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ឆ្លងកាត់ទទឹងផ្លូវ លក្ខណៈបញ្ឆិត តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពី ជើងទៅត្បូង តែខណៈពេលដែលឆ្លងបានបន្តិច ក៏ស្រាប់តែ បុរស៤នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្ត សណ្តោងដឹកស៊ីទែនស៊ីម៉ង់ត៍ ទីក្រុងកោះពេជ្រ ពណ៌ឈាមជ្រូក បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅ ស្របគ្នា ជ្រុលទៅកៀរនឹងម៉ូតូ បណ្ដាលឱ្យបុរសជាអ្នកបើកម៉ូតូ ដួលចូលក្រោមរថយន្ត ហើយត្រូវកង់ក្រោយរថយន្ត កិនធ្លាយខួរស្លាប់យ៉ាងអនោចអធ័មនៅកន្លែងកើតហេតុតែម្តង ។

ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបង្កមិនបានឈប់នោះទេ គឺបានព្យាយាមបើករថយន្តរត់គេច ពីកន្លែងកើតហេតុ១គីឡូម៉ែត្រ ដល់មុខប៉ុស្តិ៍នគរបាលក្រាំងពង្រ ក៏ត្រូវសមត្ថកិច្ចដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរ យកទៅសាកសួរនៅ ប៉ុស្តិ៍នគរបាល ក្រាំងពង្រតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅកន្លែងកើតហេតុ ដើម្បីវាស់វែងយកម៉ូតូ និងរថយន្ត ព្រមទាំងអ្នកបើកបរ ទៅរក្សារទុកនៅការរិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ។ ចំនែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ស្ពី ៕