អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រៀមខ្លួនជម្លៀសពលរដ្ឋ

ខេត្តកំពង់ឆ្នាំងៈ បន្ទាប់ពីមើលឃើញទឹកជំនន់កំពុងបន្តឡើងយ៉ាងខ្លាំង អាជ្ញាធរខេត្តកំពង់ឆ្នាំងបានត្រៀមខ្លួន ដើម្បីជម្លៀសប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ចេញពីតំបន់ងាយរងគ្រោះ ដើម្បីទៅរកទីទួលមាន​សុវត្ថិភាព។

អាជ្ញាធរស្រុកបរិបូណ៌ បានឲ្យដឹងថា ប្រសិនបើស្ថានភាពទឹកទន្លេ នៅតែបន្ដឡើងយ៉ាងខ្លាំងនោះ អាជ្ញា​ធ​រ​ត្រូវត្រៀមខ្លួន រៀបចំជម្លៀសប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ចេញពីតំបន់ងាយរងគ្រោះចំនួន​៣ ដើម្បីបញ្ជូនពួកគាត់ទៅរកទីទួលសុវត្ថិភាព។ ចំណែកតំបន់ងាយរងគ្រោះខាងលើនេះ រួមមាន ទី១-តំបន់ដំបូកក្រហម ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ, ទី២-ឃុំត្រពាំងចាន់ និងទី៣-តំបន់សាលាថ្មី ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរបានបន្តថា ភូមិស្រុករបស់ប្រជាពលរដ្ឋទាំង១៣១គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន៣ខាងលើ អាចប្រឈមនឹងការលិចលង់ជាក់ជាមិនខាន ប្រសិនបើទឹកទន្លេនៅតែបន្ដឡើងយ៉ាងខ្លាំងនោះ។ នៅពេលនេះ អាជ្ញាធរស្រុកបានត្រៀមមធ្យោបាយរួចជាស្រេចហើយ ដើម្បីដឹកជញ្ជូន និងជម្លៀសប្រជាពលរដ្ឋទាំងនេះ ទៅរកទីទួលសុវត្ថិភាព។ រីឯការជម្លៀសប្រជាពលរដ្ឋនោះ គឺមុនដំបូង អាជ្ញាធរត្រូវជម្លៀសស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ហើយសកម្មភាពបន្ដទៀតនោះ គឺយើងត្រូវជម្លៀសប្រជាពលរដ្ឋធម្មតា។

អាជ្ញាធរ បានបន្តទៀតថា នៅពេលយើងជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាពហើយ អាជ្ញាធរក៏ត្រូវតែត្រៀមក្រុមគ្រួពេទ្យ សម្រាប់ជួយប្រជាពលរដ្ឋដែលប្រឈមនឹងគ្រោះទឹកជំនន់នេះ រួមនឹងអង្គការជាដៃគូ ដើម្បីជួយជាស្បៀងអាហារដល់ពួកគាត់ទៀតផង៕