ឧកញ៉ា ទ្រី ភាព ប្តឹងសមត្ថកិច្ច​ចាប់​អ្នក​សារព័ត៌មាន​២​នាក់

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​អន​ឡាញ​របស់​អង្គភាព TNM ចំនួន​២​នាក់ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន MDS របស់​លោក​ឧកញ៉ា ទ្រី ភាព នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន Fresh New ។

បណ្តឹង​លោក​ឧកញ៉ា ទ្រី ភាព បាន​ដាក់​ការ​សង្ស័យ​លើ​អ្នក​សារព័ត៌មាន TNM ទាំង​ពីរ​រូប ពី​បទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ។

លោក ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​អ្នកកាសែត​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា ម៉ោង​២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា ២០១៨ កន្លង​ទៅ ត្រង់​ចំណុច​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

អ្នក​សារព័ត៌មាន TNM ទាំង​២​រូប ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន រួម​មាន ៖ ឈ្មោះ មិន ផុ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ឈ្មោះ សារៈ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ការ​ដែល​ឃាត់ខ្លួន អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់ ខាងលើ​នេះ គឺ​អនុវត្តន៍​ឡើង​តាម​បណ្ដឹង​របស់​អាជ្ញាធរ​ឃុំ​ថ្មដា និង​ក្រុមហ៊ុន MDS របស់​លោក ឧកញ៉ា ទ្រី​ភាព និង​បទបញ្ជា​លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន អ្នក​សារព័ត៌មាន​ទាំង​២​នាក់ សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​ខ្លួន​ពួក​គាត់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​នីតិវិធី ៕