ធ្លាក់យន្តហោះចម្បាំងអាមរិក មានតម្លៃជាង១០០លានដុល្លារ

សហរដ្ឋអាមេរិកៈ យន្តហោះចម្បាំង ម៉ាក F-35B របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានហោះហ្វឹក​ហ្វឺន ស្រាប់តែធ្លាក់ នៅក្នុងតំបន់ Grays Hill នាភាគខាងត្បូង រដ្ឋការ៉ូលីណា ដែលមានចម្ងាយប្រហែលជិត១០គីឡូម៉ែត្រ (៥ម៉ៃយ៍) ពីអាកាសយានរបស់កងទ័ពម៉ារីន(Beaufort Marine Corps Air Station) កាលពីវេលាម៉ោង១១ និង១៤នាទីព្រឹក (ម៉ោងក្នុងប្រទេសអាមេរិក) ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

មន្ត្រីអាកាសយានដ្ឋាន Beaufort Marine Corps បានឲ្យដឹងថា យន្តហោះប្រដេញ​ ម៉ាក​ F-35B ដែលជួបនូវឧបទ្ទវហេតុធ្លាក់ ក្នុងការហ្វឹកហ្វឺននោះ មានតម្លៃជាង១១៥លានដុល្លារសហរដ្ឋអាមេរិក ហើយការធ្លាក់យន្តហោះចម្បាំងនេះ គឺបណ្ដាលមកពីបញ្ហាបច្ចេកទេស។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកខាងលើនេះ មិន​បានបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។ ចំណែកអាកាសយានិកបានចុចកៅអី​សុវត្ថិភាព​លោតចេញ ហើយបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕