ព្រៃផ្សៃណាស់! កាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពប្ដីសម្លាប់ប្រពន្ធ ហើយយកសាកសពដាក់ក្នុងវ៉ាលីទៅបោះចោល (វីដេអូ)

រុស្ស៊ី៖ ថ្មីៗនេះ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានប្រើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែនាងសុំលែងលះ ហើយសពរបស់ស្ត្រីរងគ្រោះត្រូវបានគេរកឃើញនៅក្នុងព្រៃមួយកន្លែងក្បែរទីក្រុង ឆេប៉កសារី ប្រទេសរុស្ស៊ី ។

ជនសង្ស័យមានឈ្មោះ អាឡិចសាន់ឌឺរ អាយុ ៤៤ឆ្នាំ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ អាណា អាយុ ៣៤ឆ្នាំ ទាំងពីរនាក់ជាប្ដីប្រពន្ធគ្នា រស់នៅក្នុងប្រទេសរុស្ស៊ី ។
បន្ទាប់ពីពុំអាចទាក់ទងទៅអ្នកទាំងពីរនាក់បាន ឪពុករបស់ជនរងគ្រោះបានប្ដឹងប៉ូលិស ហើយមិនបានប៉ុន្មានម៉ោងផង ជនសង្ស័យត្រូវបានចាប់ខ្លួន ព្រមទាំងឆែកកាមេរ៉ាសុវត្ថិភាពអាផាតមិនរបស់ជនសង្ស័យឃើញថា នៅយប់មុនពេលបាត់ខ្លួន ជនសង្ស័យបានយួរវ៉ាលីធំមួយចេញពីអាផាតមិន ហើយឡើងតាក់ស៊ីមួយគ្រឿងជិះចេញទៅបាត់តែម្ដង ដែលសង្ស័យថាក្នុងវ៉ាលីនោះមានសាកសពរបស់ស្ត្រីរងគ្រោះ ដែលជនសង្ស័យយកទៅបោះចោលដើម្បីបំបាត់ភ័ស្ដុតាង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដមែន គឺខណៈពេលដែលខ្លួនស្រវឹង ហើយខឹងនឹងប្រពន្ធដែលបានសុំលែងលះ ។
ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ workpointnews