ផ្អើលភូមិ! បុគ្គលិកទ្រូម៉ាន់នីលើកគ្នាជាង២០០នាក់នាំគ្នាទៅវត្ត

កណ្តាល៖ កាលពី ថ្ងៃសៅរ៍ ទី២៩ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌទី៥ ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុនវេរលុយដ៏ធំមួយបានលើកគ្នាប្រមាណជាង២០០នាក់ ទៅធ្វើបុណ្យរួមគ្នា យ៉ាងភ្ញាក់ផ្អើល។ រថយន្តក្រុងចំនួន ៥គ្រឿង បានពាំនាំម្ហូបអាហារ បាយសម្ល អង្ករ បច្ច័យនិងសម្ភារៈផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តពោធិអណ្តែត ដែលជាវត្តក្សត់មួយនៅ ភូមិឡក្បឿង ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ លោក អ៉ឹម សារុន ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ « ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នានេះ ក្រៅតែពីឧទិស្ទផលបុណ្យជូនដល់ញាតិការដែលបានចែកឋានទៅ វាក៏ជាការបង្កើតកម្លាំងសាមគ្គីរវាងបុគ្គលិកក្នុងការធ្វើអំពើល្អរួមគ្នា ក៏ដូចជាការអភិរក្សប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផងដែរ។» បើតាមការបញ្ជាក់ពីលោកស្រី អ៊ុក រ៉ាវី នាយកហិរញ្ញវត្ថុ បានលើកឡើងថា នេះជាឆ្នាំទី៣ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នីបង្កើតកម្មវិធីនេះឡើង។ «កាលពីឆ្នាំទៅមួយ យើងបានទៅធ្វើបុណ្យនៅវត្តជ្រោះព្រះកន្លោង ហើយកាលពី២០១៧ យើងទៅដល់វត្ត ខេត្តកំពង់ស្ពឺ។ ដោយឡែកឆ្នាំនេះ យើងបានជ្រើសរើសមកខេត្តកណ្តាលម្តង។ » គណកម្មាធិការចំណុះជើងវត្ត និង អ្នកកាន់វេន្តបិណ្ឌ ពុទ្ធិបរិស័ទក្នុងភូមិ ព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំង ចំពោះទឹកចិត្តជ្រះថ្លារបស់បុគ្គលិកក្រមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមកាន់បិណ្ឌទី៥ នៅវត្តពោធិអណ្តែតនេះ ហើយក៏សំណូមពរឲ្យក្រុមហ៊ុនផ្សេងទៀតឲ្យចេះចែករំលែកបុណ្យកុសលរួមគ្នាដូចក្រុមហ៊ុនទ្រូម៉ាន់នី ជាគំរូ៕