ជនអន្ធពាលចិន បង្កអុកឡុក សមត្ថកិច្ចឃាត់ខ្លួន១៦នាក់

ខេត្តបន្ទាយ​មាន​ជ័យៈ​ ជនអន្ធពាលចិនមួយក្រុម​ បានដើរបង្កអុកឡុក នៅក្នុងមូលដ្ឋាន ក៏ត្រូវសមត្ថ​កិច្ច ចុះទៅឃាត់ខ្លួនបានចំនួន១៦នាក់ កាលពីវេលា​ម៉ោង​១២​យប់ ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ក្នុង​ភូមិ​បា​លិ​លេ​យ្យ១ ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត។

​លោក​វរសេនីយ៍ទោ​ ហេង​ លី​ហួរ​ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា ​កាលពី​យប់ ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ជនជាតិ​ចិនមួយក្រុម បាន​ដេញកាប់​ចាក់​គ្នា​ជាមួយ​ក្មេង​ស្ទាវ នៅក្នុងសង្កាត់ប៉ោយប៉ែត ​បណ្តាល​ជនជាតិ​ចិន​ម្នាក់​រងរបួសស្រាល​។ លុះមកដល់​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨​ ក៏មាន​ជនជាតិ​ចិន​មួយ​ក្រុមទៀត​ មាន​គ្នា​៤​ទៅ​៥​នាក់​ បាន​ចូលច្រៀង​ខា​រ៉ា​អូ​ខេ​ ក្នុងហាង​មួយ​កន្លែង​ នៅក្នុងសង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅពេលនេះ ពួកគេបានកើតមានទំនាស់​ពាក្យ​សម្ដី​ជាមួយ​នឹងក្មេង​ស្ទាវមួយ​ក្រុម​ រហូតឈានដល់ការដេញកាប់​ចាក់​គ្នា បណ្តាល​ឲ្យជនជាតិ​ចិន​២​នាក់​ម្នាក់​របួស​ដៃ​ ហើយអ្នករបួស​បាននាំគ្នា​ឡើង​ជិះរថយន្ត​ទៅព្យាបាលរបួស នៅឯ​ខេត្តសៀមរាប​។​ ដោយឡែកក្រុម​ស្ទាវ​បានជិះ​ម៉ូតូ​គេ​ច​ខ្លួន​បាត់អស់។

លោកអធិការរងនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីកើតមាននូវការប្រទូសរ៉ាយគ្នាជាមួយ​នឹងក្មេងស្ទាវនោះមក ជនជាតិទាំងនោះ​បានហៅបក្ខពួក​របស់​ពួក​គេ​ប្រហែល​២០​ទៅ​៣០​នាក់​ប្រដាប់​ដោយ​ដំបង​ដែក​ និង​ឈើ​ស្ទើរ​គ្រប់​ដៃ​ ​ដើរ​ស្រែក​ឡូឡាតាម​ដងផ្លូវ ស្វែងរក​អ្នក​ដែល​កាប់​បក្ខពួក​របស់​ខ្លួន​ បណ្តាលឲ្យរង​របួស​។

លោកអធិការរងនគរបាលក្រុងប៉ោយប៉ែត បានបន្ដថា ឃើញសកម្មភាពអនាធិបតេយ្យ និងបង្កអសន្ដិ​សុខបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនលោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត។ ភ្លាមៗនោះ លោកអធិការនគរបាល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ទំនើង​បានចំនួន​១៣​នាក់​។ ស្របគ្នានោះដែរ ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់​ខ្លួនជនជាតិចិនបាន​៣​នាក់ នា​វេលា​ម៉ោង​១២​យប់​ ថ្ងៃ​ទី​២១​ ខែតុលា​ឆ្នាំ​២០១៨​ នៅ​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​បញ្ជាក់​ថា​ បន្ទាប់ពីបង្ក្រាប និងឃាត់ខ្លួនរួចមក សមត្ថកិច្ចអាវុធហត្ថ និងនគរបាល​ បាននាំខ្លួនជនជាតិចិនទាំង១៦នាក់នោះ មកកាន់អធិការដ្ឋាននគរបាលក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បីសាកសួរ។ សមត្ថកិច្ចរកឃើញថា ជនជាតិចិនទាំង​១៦នាកនេះ​ មានលិខិត​ឆ្លងដែនត្រូវ ហើយពួកគេ​ខ្លះជាបុគ្គលិក​ក្រុមហ៊ុន និងខ្លះទៀតជាអ្នកលក់ដូរ នៅក្នុងហាងលក់ទំនិញនានា។

ក្រោយពេលឃាត់ខ្លួនសាកសួររួច សមត្ថកិច្ច​បានបញ្ជុនជនជាតិចិនទាំង១៦នាក់នេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្ដតាមនីតិវិធី៕