សោកនាដកម្មដ៏រន្ធត់មួយ បណ្ដាលឱ្យកម្មករឆ្លងដែន ទៅធ្វើការនៅថៃស្លាប់ និងរបួសជាច្រើននាក់

ថៃ៖ នាវេលាព្រឹកថ្ងៃទី ២១ ខែតុលា ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តដឹងកម្មករឆ្លងដែនមួយគ្រឿង បានបើកទៅបុកដើមឈើបណ្ដាលឱ្យឆេះអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ដោយឡែកមនុស្សក្នុងរថយន្តរងរបួស និងស្លាប់ជាច្រើននាក់ ដែលករណីនេះដែរបានកើតឡើងនៅលើផ្លូវមួយកន្លែងក្នុងខេត្តកំផែងផេត ប្រទេសថៃ ។

ប្រភពពីប៉ូលិសចរាចរណ៍ខេត្តខាងលើ បានឱ្យដឹងថា គេបានឃើញរថយន្តរងគ្រោះដឹកពលករជនជាតិភូមា ជ្រុលចង្កូតទៅបុកដើមឈើទាំងកម្រោល បណ្ដាលឱ្យឆាបឆេះយ៉ាងខ្លាំងគ្មាននរណាម្នាក់អាចចូលទៅជួយបានឡើយ ។

តែទោះជាយ៉ាងណាក្ដី ក្រុមសង្គ្រោះក៏បានមកដល់កន្លែងកើតហេតុ និងព្យាយាមជួយដោយរកឃើញសាកសពមនុស្សចំនួន ៩នាក់ ប្រុស៤នាក់ (រាប់ទាំងតៃកុងរថយន្ត) និងស្រី៥នាក់ ហើយមនុស្ស ៦នាក់ផ្សេងទៀតរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ជាមួយគ្នានេះដែរប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ក្រោយមកទៀតអ្នករងបួស២នាក់ ក្នុងចំណោម ៦នាក់ត្រូវបានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ។
សូមបញ្ជាក់ថា រថយន្តរងគ្រោះដឹងកម្មករចំនួន ១៤នាក់ជាជនជាតិភូមា និងជនជាតិថៃម្នាក់ជាតៃកុងរថយន្ត ។ តាមការសន្និដ្ឋានបឋមពីសំណាក់សមត្ថកិច្ចបានឱ្យដឹងថា ប្រហែលជាតៃកុងរថយន្តងងុយដេក ទើបបណ្ដាលឱ្យរេចង្កូតទៅបុកនឹងដើមឈើដូចនេះ ៕
ប្រភព៖ workpointnews