មាន់​ជល់​១​ក្បាល គេ​ឲ្យ​ថ្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ ក៏​ម្ចាស់​មិន​ព្រម​លក់​ដែរ

មាន់​ជល់​មួយ​ក្បាល ជា​ពូជ​មាន់​ដ៏​កម្រ ដែល​មានឈ្មោះ​ថា «Chao Hong Thong» ដែល​មាន​រោម​កន្ទុយ​វែង ប្រវែង​១​ម៉ែត្រ ត្រូវ​បាន​គេ​ហ៊ាន​ទិញក្នុង​តម្លៃ​ដល់​២០​លាន​បាត (​ប្រមាណ​ជា​ជាង​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ប៉ុន្តែ​ម្ចាស់​វា នៅ​តែ​មិន​ព្រម​លក់​ទៀត ។

បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ចុះ​ផ្សាយ​ថា មាន់​ជល់​មួយ​ក្បាល​នេះ ជា​ពូជ​មាន់​ដ៏​កម្រ និងពូកែ ដែល​អ្នក​និយម​លេងល្បែង​បញ្ច​ល់​មាន់នៅ​ថៃ បាន​ស្គាល់ហើយ​ហៅ​វា​ថា ជា​ស្ដេច​មាន់​ជល់ ដែល​មាន​ម្ចាស់​ជា​ស្ត្រី មានឈ្មោះ​ថា ប៊ូសារិន បាន​ចិញ្ចឹម​វា នៅ​ក្នុង​​ខេត្តសាមុទប្រាកាន ប្រទេស​ថៃ ។

អ្នកស្រី ប៊ូសារិន បាន​បដិសេធ​សំណើ​លក់​ក្នុង​តម្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ​នេះ ក៏​ដោយសារ អ្នកស្រី​ស្រលាញ់​វា​ខ្លាំង​ពេក រហូត​មិន​ដាច់​ចិត្ត​បែក​ពី​វា​ឡើយ ។​ហើយ​មាន់​ជល់​មួយ​ក្បាល​នេះ ជល់​មិន​ដែល​ចាញ់​ម្តងណា​ឡើយ រហូត​ក្លាយជា​ម្ចាស់​ជើងឯក​មាន់​ជល់​នៅ​ប្រទេស​ថៃ ដែល​អ្នកស្រុក​ហៅ​វា​ថា ស្ដេច​មាន់​ជល់ Chao Hong Thong ។

អ្នកស្រី បញ្ជាក់​ថា ចាប់តាំងពី​អ្នកស្រី​ទទួល​បាន​មាន់​ជល់​មួយ​ក្បាល​នេះ​មក អ្នកស្រី​មានសំណាង​ល្អ​រហូត ហើយ​អ្នកស្រី​ស្រលាញ់​មាន់​ជល់​នេះ ដូច​ជា​កូន​របស់​ខ្លួនឯង​អីចឹង ។ ព្រោះ​ជា​ច្រើន​ឆ្នាំ​មកនេះ វា​បាន​ផ្ដល់​ប្រាក់​ដល់​អ្នកស្រី​រាប់​លាន​បាត ពី​ការ​បង្កាត់​ពូជ​កូន​មាន់​ជល់ បាន​យ៉ាងច្រើន​ផង​ដែរ ៕