ល្ខោនហ៊ីចិន នឹងចាប់សម្តែងជូនទស្សនាជាសាធារណៈ ចាប់ពីថ្ងៃស្អែកនេះ នៅកោះពេជ្រ

ភ្នំពេញ៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅមហោស្រពកោះពេជ្ររយៈពេល៣ថ្ងៃ ចាប់ពីសប្ដាហ៍ក្រោយនេះ ដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាព កម្ពុជាចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិន អោយកាន់តែមានភាពប្រសើរឡើង ស្របពេលប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។

លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយក ល្ខោនប្រពៃណីហ៊ីចិន មកសម្តែងនេះ គឺដោយសារ ល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែលមានអាយុកាលជិត ២០០ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោកផងដែរ។

លោកបញ្ជាក់ថា ប្រភេទនៃល្ខោនហ៊ីនេះ គឺគេលេង ដោយប្រើ បទភ្លេង និងវិធីសម្តែងជាកាយវិការ បូកបញ្ចូលជាមួយបទចំរៀង ប្រជាប្រិយមួយចំនួន ដោយប្រើប្រាស់សម្លេងច្រៀងច្រើនប្រភេទ និងមានប្រើនូវ រនៀទចិន នឹង ស្គរ ជាដើម។

លោកបន្ថែមថា ការសំដែងសម្តែងលើកនេះរួមមាន៖ “Bai She Zhuan” “Dang Ma” “Ba Wang Bie Ji” “Zhan Ma Chao” “Da Zhi Shang Fen” “Qing Shi Shan” “Xiao Yan” “Shi Qian Tou Ji” នឹង “Gui Fei Zui Jiu”ជាដើម។
នៅក្នុងសន្និសីទព្រឹកមិញនេះ ក៏មានបង្ហាញនូវវត្តមានរបស់តួរសំដែងសំខាន់ៗ ដែលនឹងត្រូវចូលរួមក្នុងការសំដែងហ៊ីនេះផងដែរ ដោយក្នុងនោះក៏មានវត្តមានរបស់ លោក Li Hong Tu សម្ដែងតួ Xu Xian នៅក្នុងរឿង “Bai She Zhuan” “ពស់ស” គឺជាតារាសម្តែងជួរមុខនេះបង្អស់នៃមហោស្រពប៉េកាំងប៉េកាំង គាត់ជាប្រធានក្រុម Mei Lanfang ហើយបានឈ្នះពានរង្វាន់ វិចិត្រករឆ្នើមបំផុតនៅអាស៊ីផងដែរ។

សូមបញ្ជាក់ថា ល្ខោនប្រពៃណីហ៊ីរបស់ចិននេះ នឹងមានការចូលរួមសម្តែងដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ដោយការសម្តែង នឹងចាប់ផ្តើមពីថ្ងៃទី ៨-១០ ខែវិច្ឆិកា ខាងមុខនេះ នៅមហោស្រពកោះពេជ្រ វេលាម៉ោង ៧ យប់តទៅ ហើយការសំដែងនេះ ស្ថិតក្រោមកិច្ចសហការគ្នារវាង ក្រុមហ៊ុន Awesome Global Investment Group និងក្រុមហ៊ុនល្ខោន Mei Lang Fang៕