ភ្លើងឆេះព្រៃនៅកាលីហ្វនីញ៉ា មនុស្សស្លាប់កើនឡើង ជាង២០នាក់ហើយ

កាលីហ្វនីញ៉ា សហរដ្ឋអាមេរិក៖ យោងតាមការឲ្យដឹងពីសារព័ត៌មាន CBS News កាលពីព្រឹកថ្ងៃអាទិត្យ ទី១១ វិច្ឆិកានេះ ថាមានមនុស្សយ៉ាងតិច២៣នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែភ្លើងឆេះព្រៃ Camp Fire ដែលស្ថិតនៅក្នុងតំបន់ Butte County ភាគខាងជើងរដ្ឋកាលីហ្វញ៉ា ហើយបានបំផ្លាញអគារជាច្រើន ក្នុងទីក្រុង Paradise ផងដែរ ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ភ្លើងឆេះព្រៃនៅឯ Camp Fire បានបំផ្លាញលំនៅដ្ឋាន និងហាងលក់ដូរជាង៦ពាន់កន្លែង ក្នុងទីក្រុង Paradise ហើយមនុស្សប្រហែល ៣៥នាក់ត្រូវបានគេរាយការណ៍ថា កំពុងតែបាត់ខ្លួន ហើយ លើសពីនេះទៀត Camp Fire ពុំមែនជាភ្លើងឆេះព្រៃ​តែមួយ ដែលកំពុងលុកលុយរដ្ឋកាលីហ្វរញ៉ានោះឡើយ ដោយនាភាគខាងត្បូងវិញ ភ្លើងឆេះព្រៃចំនួន០២ទៀតឈ្មោះថា Woolsey និង Hill Fire កំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរមិនចាញ់ Camp Fire ឡើយ និងបានបង្ខំឲ្យមនុស្សជាង២៥០,០០០នាក់ជម្លៀស​​ខ្លួនទៅរកទីសុវត្ថិភាព។

អ្វីដែលគួរឲ្យបារម្មណ៍នោះ គឺគ្រោះធម្មជាតិភ្លើងឆេះព្រៃទាំងអស់ខាងលើេនះ អាចនឹងរីករាលដាល ក្នុងកម្រិតយ៉ាងឆាប់រហ័សផងដែរ ដោយសារតែអាកាសធាតុស្ងួត និងមានខ្យល់បក់ខ្លាំង តែទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យទាំងអស់នៅក្នុងរដ្ឋខាងលើេនះ កំពុងតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពន្លត់ និងជួយជម្លៀសប្រជាជនទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ៕

ប្រភព៖ CBS news