គ្រោះធម្មជាតិបាក់ដី នៅកោះសូម៉ាត្រា ផ្តាច់ជីវិតមនុស្ស៧នាក់ ដោយមិនដឹងខ្លួន…

ហ្សាការតា ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានចិនស៊ិនហួរ បានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ ទី១១ វិច្ឆិកានេះ អាជ្ញាធរឥណ្ឌូនេស៊ី បានរាយការណ៍ថា អ្នកភូមិ៧នាក់បានស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បន្ទាប់ពីមានគ្រោះធម្មជាតិបាក់ដី បានវាយប្រហារស្រុក Nias Selatan ស្ថិតនៅភាគខាងជើងនៃខេត្តសូម៉ាត្រា ។

មូលហេតុនៃការបាក់ស្រុតដីខាងលើនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ទើបបង្កឲ្យភ្នំមួយ ដែលមានកម្ពស់ជាង១០០ម៉ែត្រ បានបាក់ស្រុតទៅលើភូមិមួយ ឈ្មោះ Sukamaju និងបានគ្របសង្កត់ទៅលើលំនៅឋានមួយខ្នង ដែលមានមនុស្សចំនួន៧នាក់ ជាហេតុធ្វើឲ្យពួកគេស្លាប់ទាំងអស់ ហើយខណៈពេលនេះ សាកសពមនុស្សទាំង៧នាក់ ត្រូវបានគេទាញចេញពីក្រោមគំនរដីបាក់រួចរាល់ផងដែរ ។

ទោះជាយ៉ាងណា ក្រុមអាជ្ញាធរបានព្យាយាមធ្វើការ ជម្លៀសអ្នកភូមិជាច្រើនគ្រួសារ ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ខាងលើចេញទាំងអស់ ដើម្បីធ្វើការបញ្ចៀសនូវហានិភ័យ ដែលនឹងកើតមានបន្តទៀត ដោយសារតែភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង មិនព្រមឈប់ ៕