យោធាផ្កាយ១ម្នាក់ គ្រោះថ្នាក់ចរាចរណ៍ស្លាប់តែម្នាក់ឯងនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសជាយោធាពាក់ផ្កាយ១ម្នាក់ បានជិះម៉ូតូធ្វើដំណើរតាមផ្លូវ បានជ្រុលទៅបុករថយន្តបែនដឹកដី បើកចូលក្រុមហ៊ុន ហើយរយ៉ែថយក្រោយ បណ្តាលឲ្យ ដួលបែកក្បាលបាក់កស្លាប់នៅកន្លែង ដែលករណីនេះ កើតឡើងកាលពីនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ទុលមុខ ក្រុមហ៊ុន CTM ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។សពជនរងគ្រោះ មានឈ្មោះ ម៉ន ឡុង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរយោធា ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី ពាក់ផ្កាយ១ បំរើការនៅអង្គភាព សេនាធិការដ្ឋានកងអន្តរាគមន៍ អគ្គបញ្ជាការ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលំ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS 7033 ។

ដោយឡែកខាងរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-1851 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមិត្តភក្ត័ គោលបំណងទៅផ្ទះវិញ នៅភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ ដោយបានធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ។លុះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដី បានបើកចូលទៅក្នុងក្រុមហ៊ុន ហើយបានរ៉ឺយ៉ែថយក្រោយវិញ ទើបម៉ូតូលឿនបានជ្រុលទៅបុកគូថក្រោយ បណ្តាលឲ្យខ្ទាតម៉ូតូអូសចេញពីរថយន្ត៣០ម៉ែត្រ ព្រមទាំងជនរងគ្រោះដួលបែកក្បាលបាក់ក ស្លាប់នៅកន្លែងតែម្តង ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ បានបើកបត់ចូលក្រុមហ៊ុន ហើយបានស៊ីផ្លេរ ឲ្យអ្នកខាងក្នុងបើកទ្វារ ស្របពេលនោះដែរ ក៏ស្រាប់តែបុរសរងគ្រោះខាងលើ បានជិះម៉ូតូក្នុងល្បឿនលឿន ព្រមទាំងដៃម្ខាងជាប់និយាយទូរសព័្ទផងនោះ ទើបបណ្តាលឲ្យម៉ូតូជ្រុលទៅបុកគូថក្រោយរថយន្តបែបនេះ ចំណែកអ្នកបើកបរក៏បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ផងដែរ ។ក្រោយពេលកើតហេតុ ឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានទំនាក់ទំនងហៅក្រុមគ្រួសារ ឲ្យមកកន្លែងកើតហេតុ ព្រមទាំងធ្វើលិខិតប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះផ្ទាល់ ។ចំនែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញក្រុង បានចុះទៅវាស់វែង យកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕​ ប្រភព៖ KBN