ប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១៦ឆ្នាំ តែមិនបានសម្រេច ដោយសារស្រមោចខាំ

ឥណ្ឌូនេស៊ី៖ យោងតាមប្រភពបរទេសបានឱ្យដឹងថា បុរសអាយុ ២៩ឆ្នាំ ម្នាក់ឈ្មោះ តូនី អ៊ីរ៉ាវ៉ាន បានប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១៦ឆ្នាំ ប៉ុន្តែជាសំណាងក្មេងស្រីរងគ្រោះ ការប៉ុនប៉ងនេះគឺមិនបានសម្រេចនោះទេ ដោយសារជនល្មើសត្រូវស្រមោចវាយប្រហារ។ ហេតុការណ៍នេះបានកើតឡើងនៅ South Sulawesi ប្រទេសឥណ្ឌូនេស៊ី។ មន្ដ្រីប៉ូលីសលោក Sukamaju Alimin Pammu បានពន្យល់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅភូមិ Kalulu ខេត្ត Sukamaju កាលពីថ្ងៃសៅរ៍ ទី១៩ ខែមករា។ ដំបូងឡើយបុរសនោះបានទាក់ទងជនរងគ្រោះតាមទូរស័ព្ទដៃមុនពេលមកដល់ផ្ទះរបស់នាង ហើយបន្ទាប់មកក៏ល្បួងក្មេងស្រីទៅតំបន់មួយហៅថា Sitingkil ។ ពេលមកដល់ ជនល្មើសបានសុំឱ្យក្មេងស្រីរួមភេទជាមួយគាត់ ប៉ុន្តែក្មេងស្រីនេះបានព្យាយាមរត់គេចពីគាត់ ប៉ុន្តែទោះជាយ៉ាងណាជនល្មើសនៅតែចាប់នាងបាន។ ប៉ុន្តែយ៉ាងណារូបគេមិនទាន់បានធ្វើអ្វីលើជនរងគ្រោះនោះទេ ដោយបានដឹកជនរងគ្រោះមកផ្ទះវិញ។

ខណៈពេលដែលជនល្មើសកំពុងបើកឡាននាំក្មេងស្រីនោះមកផ្ទះវិញ ជនល្មើសបានឈប់រថយន្តរបស់គាត់ដើម្បីចូលលាងសម្អាត។ ដោយប្រើរឿងនេះជាលេស ជនល្មើសក៏អូសជនរងគ្រោះបម្រុងនឹងចាប់រំលោភនាង ប៉ុន្តែចៃដន្យស្រមោចបានខាំមកលើជនល្មើសជាច្រើនកន្លែង ទើបធ្វើឱ្យនារីរងគ្រោះរត់ភៀសខ្លួនបាន។ បន្ទាប់ពីទទួលបានការរបាយការណ៍អំពីឧបទ្ទវហេតុនេះពីជនរងគ្រោះ អាជ្ញាធរប៉ូលីសក៏ចាប់ខ្លួនជនល្មើសបាននៅភូមិ Pattimang ស្រុក Malanke (North Luwu) នៅថ្ងៃអាទិត្យ ទី២០ មករា នៅម៉ោង ៤ និង ៣០ នាទីរសៀល៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note