ជនល្មើសម្នាក់ត្រូវបានចាប់ខ្លួនដោយសារលួចទូរស័ព្ទដៃ ប៉ុន្តែគាត់សប្បាយចិត្តនឹងចូលគុកទៅវិញ…

ឥណ្ឌូនេស៊ី៖ បុរសម្នាក់ឈ្មោះ ហ្គេត ខេម៉ា អាយុ ១៩ឆ្នាំ ត្រូវបានគេចាប់ដាក់គុកជាលើក ទី៣ ពីបទលួចទូរស័ព្ទដៃក្នុងគោលបំណងចង់ទុកសម្រាប់ថតរូបខ្លួនឯង (selfie) និងលក់វាដើម្បីបានលុយខ្លះ ប៉ុន្តែអ្វីដែលកាន់តែហួសចិត្ត គឺគាត់សប្បាយចិត្តដែលគាត់ត្រូវបានចាប់ខ្លួនទៅវិញ។ មន្ដ្រីប៉ូលីសបានរាយការណ៍ថា ពួកគេបានតាមដានជនល្មើសនេះពីភូមិមួយឈ្មោះ Busungbiu រយៈពេល ៦ថ្ងៃ មុនពេលគាត់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២០ ខែមករា។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ ទី២២ ខែមករា ក្មេងជំទង់នេះបាននិយាយថា គាត់សប្បាយរីករាយណាស់ដែលបានជាប់គុក ព្រោះគាត់នឹងមិនចាំបាច់ព្រួយបារម្ភអំពីការរកប្រាក់។ គាត់ជាប់គុកព្រោះតែគ្មានលុយទិញបាយ ហើយនៅក្នុងគុកគឺមានបាយបរិភោគដោយឥតគិតថ្លៃ ដូច្នេះហើយគាត់នឹងមិនបាច់បារម្ភរឿងដាច់ពោះនោះទេ។

ក្មេងជំទង់នេះបានសារភាពថា គាត់បានលួចទូរស័ព្ទដៃពីផ្ទះចំនួន ៣ ផ្សេងគ្នា នៅថ្ងៃ ទី១៤ ខែមករា។ ពេលដែលគាត់មកផ្ទះវិញ គាត់នឹងយកទូរស័ព្ទទាំងអស់នោះលក់វានៅតាមហាងលក់ទូរស័ព្ទនៅជុំវិញភូមិរបស់គាត់។ ខេម៉ា បាននិយាយថា ខ្ញុំអាចទុកវាដើម្បីថតរូបខ្លួនឯង ហើយប្រសិនបើខ្ញុំធុញទ្រាន់នឹងទូរស័ព្ទទាំងនេះ ខ្ញុំអាចលក់វាដើម្បីយកលុយទិញអង្ករ។ ថ្វីបើពាក្យសម្ដីរបស់គាត់ចម្លែកក៏ដោយ ប៉ូលីសបាននិយាយថា គាត់ជាចោរដែលមានជំនាញ ហើយឥឡូវនេះគាត់ត្រូវបានកាត់ទោសអោយជាប់គុករយៈពេល ១០ខែ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note