ស្លុតចិត្តយ៉ាងណាទៅ! ខេមរៈ សិរីមន្ត ទទួលដំណឹងថាប្អូនស្រីស្លាប់ ខណៈដែលកំពុងបំពេញការងារនៅតាមខេត្ត

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៦ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ អ្វីដែលគួរឲ្យរំជួលចិត្តនោះ យោងតាមការបង្ហោះរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា លោកខេមរៈ សិរីមន្ត បានទទួលដំណឹងថាប្អូនស្រីស្លាប់ ខណៈដែលកំពុងបំពេញការងារនៅតាមខេត្តជាមួយលោក ដោយឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ថា៖ “កំពុងបំពេញការងារនៅប៉ោយប៉ែតជាមួយគ្នា ស្រាប់តែទទួលដំណឹងដ៏ក្រៀមក្រំបំផុត”។ ក្នុងនោះផងដែល លោក ខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើតក៏បានសរសេរសារយ៉ាងខ្លីថា៖ “ប្អូនស្រីដ៏កំសត់របស់បងប្អូនបានទៅដល់សុគតិភពហើយ”។

គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ដោយទើបតែបញ្ជូនព្យាបាលវះកាត់នៅប្រទេសឥណ្ឌាបានរយៈពេល២ខែ ប៉ុន្តែអកុសលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសោកស្តាយចំពោះការបាត់បង់សិល្បការិនីដែលមានសមត្ថភាព៕

ប្រភព៖ Khmernote TV