ខេមរៈ សិរីមន្ត ធ្លាប់ប្រតិកម្មរហូតស្រក់ទឹកភ្នែក ចំពោះពាក្យចចាមរ៉ាមថាប្អូនស្រីលោកមានបញ្ហាស្បែកធ្ងន់ធ្ងរ ដល់ថ្នាក់រលួយ

តារាចម្រៀង ខេមរៈ ស្រីពៅ បានទទួលមរណភាពហើយក្នុងវ័យ២៦ឆ្នាំ ដោយសារតែជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះបានធ្វើឲ្យមហាជន និងសិល្បករ សិល្បការិនីទូទាំងប្រទេស សម្តែងការតក់ស្លុត និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់តារាដែលមានសមត្ថភាព។ជាមួយនឹងការសោកស្តាយក៏មានមហាជនជាច្រើននៅមានមន្ទិលចំពោះមូលហេតុនៃការស្លាប់របស់ ស្រីពៅ ដោយមានអ្នកសង្ស័យថាស្រីពៅ អាចមានបញ្ហាស្បែក ក៏ព្រោះតែមានពាក្យចចាមរ៉ាមកាលពី៣ឆ្នាំមុនថានាងបានលេបថ្នាំដើម្បីឲ្យស្បែកស និងស្អាត។

ក៏រំលឹកកាលពី៣ឆ្នាំមុន ដោយលោក ខេមរៈ សិរីមន្ត បានធ្វើការប្រតិកម្មចំពោះពាក្យចចាមរ៉ាមថាប្អូនស្រីលោកមានបញ្ហាស្បែកធ្ងន់ធ្ងរ ដល់ថ្នាក់រលួយ។ ដោយវីដេអូកាលពីឆ្នាំ២០១៦ មានរយៈពេលប្រមាណជា៩នាទី លោកបានរៀបរាប់ថា៖ “មានការចុះផ្សាយព័ត៌មានអំពីអាការៈសុខភាពរបស់ ខេមរៈ ស្រីពៅ ដែលមានអ្នកជិតខាងលើកឡើងថា ស្រីពៅ ចង់ស្អាតលេបថ្នាំ លាបលេឲ្យស រហូតមានបញ្ហាស្បែកធ្ងន់ធ្ងរ ដល់ថ្នាក់រលួយស្បែក និងក្រុមគ្រួសារមិនយកចិត្តទុកដាក់។ ជាហេតុធ្វើឲ្យលោក និងក្រុមគ្រួសារមិនអាចទទួលយកបាន ចំពោះពាក្យចចាមរ៉ាមបែបនេះ”។ កាលនោះលោកក៏បានបញ្ជាក់ថា ទទួលស្គាល់ថា ប្អូនស្រីលោកគឺកញ្ញា ខេមរៈ ស្រីពៅ ពិតជាមានបញ្ហាសុខភាពមែន តែលោកអះអាងថានាងមានបញ្ហាបំពង់ក និងពោះវៀនក្រពះ មិនមែនបញ្ហាស្បែកដូចពាក្យចចាមអារ៉ាមនោះទេ”។ យ៉ាងណាមិញពេលនេះ ខេមរៈ ស្រីពៅ ក៏បានទទួលមរណភាព ដោយសារតែជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា សូមចូលរួមសោកស្តាយដល់គ្រួសារនៃសព៕

ប្រភព៖ Khmernote TV