ការវះកាត់កែសម្ផស្ស ៦ យ៉ាង ដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត

ការវះកាត់កែសម្ផស្សគឺជាជម្រើសមួយ ដែលអាចជួយឲ្យយើងទទួលបានសោភ័ណ្ឌភាពថ្មីតាម ដែលយើងប្រាថ្នាចង់បាន ហើយការវះកាត់កែសម្ផស្សត្រូវបានគេធ្វើឡើងក្នុងរូបភាពផ្សេងៗគ្នាជាច្រើនអាស្រ័យតាមបច្ចេកទេសរបស់គ្លីនិកនីមួយៗ។ យ៉ាងណាក្តី បើយោងតាមព័ត៌មាន Nextshark បានចុះផ្សាយថា មានវិធីវះកាត់កែសម្ផស្ស ៦ យ៉ាងដែលគួរឲ្យតក់ស្លុតបំផុត ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ហើយវិធីទាំងនោះនិយមប្រើប្រាស់បំផុតចំពោះតារាល្បីៗនៅតំបន់អាស៊ី។ វិធីទាំង ៦ នោះ រួមមាន៖

១. ចាក់ថ្នាំរំលាយខ្លាញ់ និងចាក់ជាតិខ្លាញ់ចូលក្នុងថ្ងាស៖ ការចាក់ថ្នាំរំលាយខ្លាញ់គឺអាចប្រឈមនឹងបញ្ហាដូចជា រលាក ហើម និងឡើងរមាស់ជាដើម ចំណែកឯចាក់ជាតិខ្លាញ់ចូលក្នុងថ្ងាសវិញគឺអាចប្រឈមនឹងបញ្ហាមានដុំពក និងឈឺចាប់ក្នុងរយៈពេលវែងផងដែរ។ ២. វះកាត់កែត្របកភ្នែកឲ្យមានពីរជាន់៖ វិធីនេះគឺប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ណាស់ដូចជា ហើមភ្នែក និងឆ្លងមេរោគធ្ងន់ធ្ងរជាដើម។ ៣. ចាក់ថ្នាំ និងប្រើឡាស៊ែរធ្វើឲ្យស្បែកស៖ វាអាចធ្វើឲ្យស្បែករបស់លោកស្តើងជាងធម្មតា ហើយងាយនឹងមានជំងឺស្បែកធ្ងន់ធ្ងរណាស់ពេលត្រូវពន្លឺថ្ងៃម្តងៗ។ ៤. វះកាត់កែបបូរមាត់ឲ្យស្ដើ៖ វាអាចបង្កឲ្យមានបញ្ហាអាឡែស៊ី មានស្នាមជាំនៅលើបបូរមាត់ ហើម និងឈឺចាប់រយៈពេលយូរជាដើម។ ៥. វះកាត់ច្រមុះឲ្យស្រួច និងមានក្តោង៖ វាអាចបង្កឲ្យមានបញ្ហារលាកច្រមុះ ហើម និងឈឺចាប់ពេលមានការប៉ះទង្គិចម្តងៗ។ ៦. វះកាត់ថ្គាម៖ វិធីនេះមានគ្រោះថ្នាក់ខ្ពស់ណាស់ប្រសិនបើការវះកាត់បរាជ័យ ដូចជាធ្វើឲ្យខូចទម្រង់មុខទាំងស្រុង រលាក ហើម និងពិបាកក្នុងការញ៉ាំអាហារជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Khmer Note