លោក ដូណាល់ ដ្រាំ ព្រមព្រៀងមួយជាមួយពួកសភា ដើម្បីបញ្ចប់ការបិទទ្វាររបស់រដ្ឋាភិបាល

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយពួកសមាជិកសភាអាមេរិក រយៈពេល ៣សប្តាហ៍ ក្នុងការផ្តល់មូលនិធិដើម្បីបញ្ឈប់ការបិទទ្វាររដ្ឋាភិបាល ដែលគិតមកដល់ថ្ងៃនេះគឺរយៈពេល ៣៥ថ្ងៃ មកហើយ។ ចំណែកការស្នើសុំទឹកប្រាក់ ៥.៧ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំអាម៉េរិក-ម៉ិចស៊ិច ដែលត្រូវបានគណបក្សប្រជាធិបតេយ្យបានរារាំង គឺមិនទាន់មានលទ្ធផលនៅឡើយ។

យ៉ាងណាមិញប្រសិនបើសមាជិកសភាមិនយល់ស្របនឹងផ្តល់មូលនិធិដើម្បីសង់ជញ្ជាំង អាម៉េរិក-ម៉ិចស៊ិច បន្ទាប់ពីកិច្ចចរចារយៈពេលបីសប្តាហ៍នោះទេ លោក Donald Trump បានបញ្ជាក់ថា ការបិទទ្វារអាចបន្ត ឬគាត់អាចប្រកាសអាសន្នថ្នាក់ជាតិដើម្បីទទួលបានលុយដើម្បីសង់ជញ្ជាំង។ កិច្ចព្រមព្រៀងនេះបានកើតមានឡើងដោយសារតែ មានការដាក់សម្ពាធមកលើលោក Donald Trump និងសភាឱ្យបើកទ្វាររដ្ឋាភិបាល និងដើម្បីឱ្យបុគ្គលិកសហព័ន្ធចំនួន ៨០០,០០០នាក់ ត្រឡប់មកធ្វើការវិញ។ លោក Trump ក៏បាននិយាយដែរថា លោកនឹងចាត់វិធានការដើម្បីធានាថាកម្មកររដ្ឋាភិបាលទទួលបានប្រាក់ខែរបស់ពួកគេយ៉ាងឆាប់រហ័ស ឬឆាប់ៗតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note