អត្រាស្លាប់របស់ទារកកាន់តែកើនឡើង ស្របពេលវិបត្ដិនៅក្នុងប្រទេសវេណេហ្ស៊ុអេឡាកាន់តែអាក្រក់

វេណេហ្ស៊ុអេឡា៖ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត The Lancet Global Health បានឱ្យដឹងថា ទារកកាន់តែច្រើនត្រូវបានស្លាប់មុនពេលពួកគេអាយុបាន ១ខួប ខណៈពេលដែលប្រទេសវេណេហ្ស៊ុអេឡាកំពុងទទួលរងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញវេណេហ្ស៊ុអេឡាក៏បានខិតខំក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់រានរបស់ទារក និងបានរាយការណ៍ពីការថយចុះជាលំដាប់នូវចំនួនទារកដែលស្លាប់ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៥០។

ប៉ុន្តែនិន្នាការនេះបានចាប់ផ្តើមត្រឡប់ក្រោយវិញក្នុងរយៈពេល ១០ឆ្នាំ មកនេះ។ ដោយកាលពី ឆ្នាំ២០១៦ អត្រាស្លាប់របស់ទារកក្នុងប្រទេសវេណេហ្ស៊ុអេឡាបានកើនឡើងដល់ ២១នាក់ ក្នុងចំណោមទារក ១,០០០នាក់។ ហើយបើយោងតាមធនាគារពិភពលោកបានឱ្យដឹងថា កាលពីឆ្នាំ ២០១៧ អត្រាមរណភាពទារកជាមធ្យម គឺចំនួន ១៥នាក់ ក្នុងចំណោមទារក ១,០០០នាក់។

ការសិក្សាថ្មីនេះក៏បានមើលឃើញភាពចលាចលនៅក្នុងប្រទេស ដែលជាមូលហេតុចំបងនៃការថយចុះនៃការរស់រានរបស់ទារក។ ហើយអត្រាមរណភាពទារកនេះ ទំនងជាមកពីស្ថានភាពអាហារូបត្ថម្ភកាន់តែយ៉ាប់យ៉ឺន ការដួលរលំនៃជីវភាពរស់នៅ និងការធ្លាក់ចុះនៃប្រព័ន្ធសុខាភិបាល។ ប៉ុន្តែយ៉ាងណាមិញក្រសួងសុខាភិបាលរបស់ប្រទេសវេណេហ្ស៊ុអេឡា មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអ្វីទេ៕

អត្ថបទ៖ លីដា
ប្រភព៖​ Khmer Note