ក្រុមហ៊ុន Facebook គ្រោងនឹងធ្វើការច្របាច់ Instagram, Messenger និង WhatsApp បញ្ចូលគ្នា

យោងតាមសារព័ត៌មាន DAILYMAIL បានចុះផ្សាយថា ក្រុមហ៊ុន Facebook គ្រោងនឹងធ្វើការច្របាច់បញ្ចូលគ្នារវាងកម្មវិធីចំនួនបីគឺ Instagram, Messenger និង WhatsApp ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធីទាំងបីនេះអាចធ្វើការផ្ញើរសារឲ្យគ្នាទៅវិញទៅមកបាន។ យ៉ាងណាក្តី កម្មវិធីទាំងបីនេះនៅតែជាកម្មវិធីដាច់ដោយលែកពីគ្នាដដែល គ្រាន់តែនៅក្នុងកម្មវិធីនីមួយៗមានមុខងារពិសេសមួយបន្ថែមទៀតគឺអាចផ្ញើរសារ រូបភាព សារសំឡេង ឬព័ត៌មានផ្សេងឲ្យគ្នាទៅវិញទៅមកបាន។ ការច្របាច់បញ្ជូលគ្នារវាងកម្មវិធីទាំងបីនេះត្រូវការរយៈពេលយូរ អាចរហូតដល់ឆ្នាំ ២០២០ ទើបអាចប្រើប្រាស់បានជាផ្លូវការ។

ប្រសិនបើគម្រោងនេះទទួលបានជោគជ័យមែន អ្នកប្រើប្រាស់កម្មវិធីទាំងបីនេះ នឹងមានភាពងាយស្រួលក្នុងចែករំលែកសារផ្សេងៗរបស់ពួកទៅកាន់មិត្តភក្តិ ដែលប្រើកម្មវិធីផ្សេងគ្នា ដោយមិនចាំបាច់ចំណាយពេលទៅទាញយកកម្មវិធីផ្សេងមួយទៀត ឬបើកកម្មវិធីនោះដើម្បីផ្ញើរសារនោះទេ។ សូមបញ្ជាក់ថា កម្មវិធីទាំងបីខាងលើនេះសុទ្ធតែជាកម្មសិទ្ធរបស់ក្រុមហ៊ុន Facebook ដោយក្រុមហ៊ុន Facebook បានទិញយក Instagram មកគ្រប់គ្រងនៅឆ្នាំ ២០១២ ក្នុងតម្លៃ ១ ពាន់លានដុល្លារ និងទិញ WhatsApp នៅឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ៕

អត្ថ​បទ៖ ភក្តី

ប្រភព៖ Khmer Note