ស្ត្រីម្នាក់នេះបានតាមស្វែងរកអ្នកបរិច្ចាកឈាមជួយជីវិតគាត់កាលពី ១១ឆ្នាំមុន យូរមកហើយ ក្រោយមកទើបដឹងថាគឺជាស្វាមីរបស់គាត់តែម្ដង

លោក Lian គឺជាជនតៃវ៉ាន់ម្នាក់ដែលចូលចិត្តបរិច្ចាកឈាម ព្រោះគាត់ជឿថា ឈាមរបស់គាត់នឹងជួយសង្គ្រោះជីវិតមនុស្សដទៃបាន។ ប៉ុន្តែនរណាទៅដឹងថា ថ្ងៃណាមួយគាត់នឹងជួបអនាគតប្រពន្ធ ដោយសារការបរិច្ចាកឈាមនេះ!? យ៉ាងណាមិញរឿងរ៉ាវប្តីប្រពន្ធមួយគូនេះ គឺបានចាប់ផ្តើមកាលពី ១១ឆ្នាំមុន នៅពេលដែលស្ត្រីម្នាក់ឈ្មោះថា Lim បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ និងស្ទើរតែបាត់បង់ជីវិត ប៉ុន្តែជាសំណាងល្អស្ថានភាពរបស់នាងមានស្ថេរភាពឡើងវិញ បន្ទាប់ពីនាងទទួលការបរិច្ចាកឈាម ដែលអាចបញ្ឈប់ការហូរឈាមរបស់នាងបាន។

ប្រាំពីរឆ្នាំក្រោយមកនាង Lim បានត្រលប់ទៅ Hsinchu ដែលជាទីក្រុងមួយនៅភាគខាងជើងកោះតៃវ៉ាន់ ដើម្បីកាន់កាប់ជំនួញគ្រួសាររបស់គាត់ ហើយពេលនោះហើយដែលគាត់បានជួបលោក Lian ដែលជាអ្នកលក់នំប៉ាវអង្ករ​ដំណើប។ មិនដឹងថានរណាជាអ្នកចាប់ផ្តើមនោះទេ ប៉ុន្តែគ្រាន់តែដឹងថា មិនយូរប៉ុន្មានពួកគេបានក្លាយជាគូស្នេហ៍ និងបានរៀបការជាមួយគ្នា ២ឆ្នាំ ក្រោយមក។ ថ្ងៃមួយពួកគេទាំងពីរនាក់បាននិយាយអំពីបទពិសោធន៍គ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ ហើយភ្លាមៗនោះបានធ្វើឱ្យនាង Lim ចាប់អារម្មណ៍នឹងប្រធានបទ និងចង់ដឹងថា តើនរណាជាអ្នកផ្ដល់ឈាមជួយសង្គ្រោះនាងកាលពីមួយទសវត្សរ៍មុន?

ក្រោយមកនាងបានហៅទៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលផ្តល់ឈាម ប៉ុន្តែគេប្រាប់ថា ព័ត៌មានរបស់ម្ចាស់ជំនួយគឺជាការសម្ងាត់។ ដោយចិត្តចង់ដឹង នាងក៏បានបញ្ចុះបញ្ចូលបុគ្គលិកដោយនិយាយថា នាងគ្រាន់តែចង់ដឹងថា នរណាជាអ្នកសង្គ្រោះជីវិតរបស់នាង។ បុគ្គលិកនោះក៏ទន់ចិត្ត និងបានប្រាប់មកនាងវិញថា អ្នកដែលបរិច្ចាកឈាមឱ្យនាងមាននាមត្រកូល Lian ។ ពេលនោះហើយដែលធ្វើឱ្យនាងសង្ស័យ ដោយនាងបានអានលេខអត្តសញ្ញាណប្តីរបស់នាង ហើយវាគឺត្រូវគ្នានឹងម្ចាស់ជំនួយនោះ។ បុគ្គលិកនោះក៏ភ្ញាក់ផ្អើល និងបានសួរថា៖ «តើអ្នកដឹងយ៉ាងដូចម្ដេច?!»។ ជាក់ស្តែងលោក​ Lian បានចាប់ផ្តើមបរិច្ចាគឈាមចាប់តាំងពីគាត់មានអាយុ ២០ឆ្នាំ ហើយដោយសារឈាមរបស់គាត់នេះហើយ ដែលបានជួយសង្គ្រោះជីវិតប្រពន្ធគាត់កាលពី ១១ឆ្នាំមុន៕

អត្ថបទ៖ លីដា ប្រភព៖ Khmer Note