សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យ ឯកឧត្តមវេជ្ជ.​ អ៊ុយ​ សំអាត ចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ ព្រមទាំងនាំយកបច្ច័យមួយចំនួនជូនគ្រួសារនៃសពផងដែរ

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៨ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះបានធ្វើឲ្យមហាជន និងសិល្បករ សិល្បការិនីទូទាំងប្រទេស សម្តែងការតក់ស្លុត និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់តារាដែលមានសមត្ថភាព។យ៉ាងណាមិញកាលពីព្រឹកថ្ងៃចន្ទ​ ៨រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៨​ ខែមករា​ ឆ្នាំ២០១៩​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ​ ឯកឧត្តមវេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះ​មហន្ត​រាយ​ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព​ កញ្ញា ខេមរៈ ស្រីពៅ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា “មរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ស្មេីជីវិត​ ប្រកបដោយកតញ្ញុតាធម៌ដ៏ថ្លៃថ្លាចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ ប្រកបដោយទេពកោសល្យនៅក្នុងវិស័យសិល្បៈចម្រៀងផងដែរ”។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី​ «សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។ ជាមួយនឹងការរំលែកទុក្ខនេះ​ កាកបាទក្រហមកម្ពុជា​ បាន​នាំយកនូវ​ អង្ករ​ មី​ ត្រី​ខ​ ទឹកក្រូច​ និងបច្ច័យមួយចំនួនទៅចូលបុណ្យសព​ទៀតផង៕ ប្រភព៖ Khmernote TV