រដ្ឋបាលប្រទេសចិនបានលុបកម្មវិធី និងហ្គេមទូរស័ព្ទជិត៨,០០០កម្មវិធីចេញពីប្រទេសខ្លួន ដោយសារតែជះផលអាក្រក់ដល់អ្នកប្រើ

និយ័តករអ៊ិនធើណែតរបស់ប្រទេសចិនកំពុងរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតយ៉ាងគំហុក ជាពិសេសគឺទៅលើ Games និង Apps នៅលើទូរស័ព្ទ។ បើនេះបើយោងតាមរ៉យទ័របានឱ្យដឹងថា រដ្ឋបាលផ្នែកអ៊ិនធឺណិតនៃប្រទេសចិន (CAC: Cyberspace Administration of China) បានលុបកម្មវិធីទូរស័ព្ទចំនួន ៧,៨៧៣ ដែលពួកគេគិតថា មានផលអាក្រក់។ កម្មវិធីទាំងនោះមួយចំនួនត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យទូរស័ព្ទរបស់ពួកគេកាន់តែស៊ីថ្ម ខណៈដែលអ្នកផ្សេងទៀតត្រូវបានគេលួចយកព័ត៌មានផ្ទាល់ខ្លួន។

មួយក្នុងចំណោមកម្មវិធីដែលរងផលប៉ះពាល់បំផុតគឺ Fruit Ninja ទោះបីជាយ៉ាងណា វាមិនច្បាស់ទាំងស្រុងទេថា តើ CAC ចង់សំដៅលើ Fruit Ninja នេះផ្ទាល់ ឬក៏ពពួកចម្លង (copycats) មួយចំនួនរបស់វា។ ហ្គេម Fruit Ninja ដែល CAC បានលុបចោល ជាក់ស្តែងបានបញ្ឆោតអ្នកប្រើប្រាស់ឱ្យព្រមព្រាងលើសេវាបង់ប្រាក់។ ក៏ដូចជា៖ Bathroom Goddess និង Naughty Housemaid ត្រូវបានលុបចោលដោយ CAC សម្រាប់ការលួចព័ត៌មាន សារឥតបានការ និងការទាញយកដោយបង្ខំ (forced downloads)។ CAC ក៏បានរិះគន់កម្មវិធីព័ត៌មានរបស់ Tencent សម្រាប់ការបង្ហោះ «ព័ត៌មានមិនសមរម្យ និងអាសអាភាស» ដែលបង្ហាញពីបញ្ហារបស់ក្រុមហ៊ុនអ៊ីនធឺណិតជាមួយរដ្ឋាភិបាលផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note