ភាពសុទិដ្ឋិនិយម អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ទី២ របស់ស្ដ្រីបាន ១២ភាគរយ

មានកត្តាជាច្រើនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ទី២ បាន។ ជាក់ស្តែងកត្តាមួយចំនួនដូចជា៖ របបអាហារ សកម្មភាពរាងកាយ និងទម្ងន់ អាចកែប្រែការវិវត្តនេះបាន ប៉ុន្តែតំណពូជ ហ្សែន និងអាយុ គឺមិនអាចកែប្រែវាបានទេ។ យ៉ាងណាមិញការសិក្សាថ្មីៗមួយចំនួនបានបង្ហាញថា សុទិដ្ឋិនិយមរបស់មនុស្ស ក៏អាចមានឥទ្ធិពលលើហានិភ័យនៃជំងឺទឹកនោមផ្អែមរបស់ពួកគេផងដែរ។

ក្នុងនោះផងដែរ ជំងឺបាក់ទឹកចិត្ត និងភាពឆេវឆាវ ក៏មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ក៏ដូចជាបង្កើនអាការរោគនៃជំងឺ metabolic syndrome ចំពោះស្ត្រីដែលអស់រដូវផងដែរ។ ក្រុមអ្នកស្រាវជ្រាវក៏បានសិក្សាទៅលើស្ត្រីដែលអស់រដូវចំនួន ១៣៩,៩២៤នាក់ ដែលដំបូងឡើយគឺពួកគេគ្មានជំងឺទឹកនោមផ្អែមនោះទេ ហើយរយៈពេល ១៤ឆ្នាំ ក្រោយមក មានករណីចំនួន ១៩,២៤០ បង្ហាញថា ស្ត្រីទាំងនោះគឺមានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។

ក្នុងនោះគេបានរកឃើញថា ស្ត្រីដែលមានសុទិដ្ឋិនិយមខ្ពស់ គឺអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបាន ១២ភាគរយ ខណៈស្ត្រីដែលមានការគិតអវិជ្ជមាន គឺមានហានិភ័យនៃជំងឺទឹកនោមផ្អែម ៩ភាគរយ និងស្ត្រីដែលឆេវឆាវ និងខឹងច្រើន គឺមានហានិភ័យដល់ទៅ ១៧ភាគរយ ដូច្នេះហើយទើបបុគ្គលិកលក្ខណៈរបស់ស្ត្រី គឺអាចជះឥទ្ធិពលអាក្រក់ដល់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖​ Khmer Note