ថៃទទួលភ្ញៀវទេសចរណ៍បានជាង ៣៨លាននាក់ ក្នុងឆ្នាំ ២០១៨ នឹងសង្ឃឹមថា រកចំណូលបាន ៧០ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៩នេះ

ក្រសួងទេសចរណ៍ថៃបានឱ្យដឹងក្នុងថ្ងៃចន្ទនេះថា កំណត់ត្រាភ្ញៀវទេសចរនៅក្នុងឆ្នាំ ២០១៨ គឺមានចំនួន ៣៨.២៧លាននាក់ ដែលវាកើនឡើងបាន ៧.៥% ធៀបនឹងឆ្នាំ ២០១៧។ ដោយការមកដល់នៃភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រទេសថៃនៅក្នុងខែធ្នូ គឺមានចំនួន ៣.៨៥លាននាក់ ក្នុងឆ្នាំ ២០១៩ នេះ ក្រសួងរំពឹងថា អ្នកទេសចរនឹងកើនដល់ ៤១.១លាននាក់។ ពួកគេសង្ឃឹមថា ភ្ញៀវទេសចរទាំងនោះនឹងអាចចំណាយថវិកាចំនួន ២.២ទ្រីលានបាត (ប្រហែល ៧០ពាន់លានដុល្លារអាមេរិក) មកឱ្យថៃផងដែរ។

របាយការណ៍ដដែលក៏បាននិយាយថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ដែលជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើងរហូត ១១% ពោលគឺ ១១.៦៩លាននាក់។ គួរឱ្យដឹងផងដែរថា វិស័យទេសចរណ៍ថៃគឺជាប្រភពចំណូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ថៃ ដោយចំណូលពីទេសចរណ៍បរទេសដែលចូលមកប្រទេសថៃគឺមានប្រហែល ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note