ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា បើជំងឺសាមញ្ញធម្មតា ពេទ្យក្រៅស្រុកពូកែមែន តែបើជំងឺធ្ងន់កែលែងឡើងវិញ គឺគេហុតឈាមទាំងរស់តែម្តង ហើយយកយើងសាកថ្វីដៃតាមវិធីថ្មីទៀត

កន្លងមកនេះ គេតែងតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនធំរាល់ពេលមានជំងឺឈឺថ្កាត់ម្តងៗតែងតែធ្វើដំណើរទៅប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសវៀតណាម ជាដើម្បី ដើម្បីទៅពិនិត្យ និងព្យាបាល ដោយសារតែពួកគាត់ហាក់បាត់បង់ទំនុកចិត្តក្នុងការព្យាបាលចំពោះពេទ្យក្នុងស្រុក ព្រោះធ្លាប់មានករណីអវិជ្ជមានជាច្រើនបានកើតឡើងចំពោះពេទ្យក្នុងស្រុកនាពេលកន្លងទៅ។ដោយសារតែមើលឃើញពីបញ្ហានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានធ្វើការបង្ហាញពីភាពខុសគ្នាមួយរវាងពេទ្យស្រុកខ្មែរ និងពេទ្យបរទេស ដោយឯកឧត្តមបានលើកឡើងថា៖

“ខ្ញុំទទួលស្គាល់ថាសមត្ថភាពពេទ្យយើងមួយចំនួននៅទាប តែខ្ញុំបានដឹងរឿងមួយចំនួនដែលបងប្អូនខ្មែរយើងយល់ថាមានតែពេទ្យក្រៅប្រទេសដែលល្អ ។ តាមពិតជំងឺសាមញ្ញគេពូកែមែន តែបើដល់រឿងជំងឺធ្ងន់ និង ជំងឺកែលែងឡើង ហើយគេដឹងថាយើងមានលុយទៀត គេហុតឈាមទាំងរស់ ។ ម្យ៉ាងគេចង់ដកពិសោធន៍ពីជំងឺដែលគេមិនសូវជួប ម្យ៉ាងគេចង់សាកថ្វីដៃគេតាមវិធីថ្មី ម៉្យាងឆ្លៀតយកលុយ ព្រោះបើគង់តែងាប់ដដែល ខ្មែរគ្មានលទ្ធភាព និង គ្មានបណ្តាញនឹងទារគេសងលុយទេ ។ ខ្ញុំនិយាយនេះ អ្នកណាដែលប៉ះខ្លួនឯងពិតជាដឹង តែមិននិយាយព្រោះបានជាអួតពេទ្យស្រុកគេបង្អាប់ពេទ្យស្រុកឯងទៅហើយ ។ ក្រសួងព័ត៌មានកំពុងតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងនោះមានចំនុចដែលថា អ្នកដែលសង្ស័យថាពេទ្យមើលមិនត្រឹមត្រូវអាចទាមទារការអង្កេតមួយឯករាជ្យបាន ហើយពេលនោះជាសន្សឹមៗយើងនឹងជឿលើពេទ្យរបស់យើង ជាជាងយកបងប្អូនយើងទៅអោយពួកពេទ្យបរទេសយកបងប្អូនយើងជារបស់ពិសោធន៍។”៕

ប្រភព៖ Khmernote TV