រូបសំណាកលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង ប្រាជ្ញ ឈួន ដែលបានសង់ទុកឱ្យ​កូនចៅ​ជំនាន់ក្រោយ​បានស្គាល់ត្រូវបានសម្ពោធហើយ

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះរូបសំណាកលោកតាព្រឹទ្ធាចារ្យ​ភិរម្យវោហារ ប្រាជ្ញ ឈួន ត្រូវ​បានសម្ពោធ​ហើយនៅវត្តសម៉ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួម​របស់​ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ។ ការសាងសង់រូបសំណាកនេះដោយឃើញពីគុណតម្លៃ​របស់លោកតា តបតាម​សំណូ​មពររបស់មហាជន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានទទួល​រ៉ាប់​រងនូវការសាងសង់​រូបសំណាក់របស់លោកតាសម្រាប់​ឲ្យអ្នកជំនាន់ក្រោយ​បានស្គាល់ និង​គោរពបូជា ​អ្នក​ប្រាជ្ញ​មួយរូប​ផ្នែក​វោហារ​ស័ព្ទចម្រៀងចាប៉ីដងវែងរបស់កម្ពុជា។

រូបសំណាកលោកតា ប្រាជ្ញ ឈួន ត្រូវបាន​ដាក់​តាំង​តម្កល់​​នៅក្នុង ទីអារាមវត្តសម៉​ ឆ្លាក់ធ្វើអំពីថ្មភក់​ ទំហំទទឹង​០.៨ម៉ែត្រ និង​កម្ពស់​១.២០ ម៉ែត្រ​ អង្គុយ​កាន់​ចាប៉ីដងវែង ជាសកម្មភាពកំពុង​តែសម្តែង​ចម្រៀង​​ចាប៉ី ចំណាយពេល៣ខែក្នុងការសាងសង់ សរុបជាទឹកប្រាក់អស់ចំនួន​២.២៥០​ដុល្លារ​។​ គួររំលឹកផងដែលថាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន វីរសិល្បៈករចាប៉ីដងវែង បានទទួលមរណភាព ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជម្ងឺរោគាពាធ៕

ប្រភព៖ Khmernote TV