សេដ្ឋកិច្ចអាមេរិកខាតបង់ ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៣៥ថ្ងៃ នៃការបិទទ្វាររដ្ឋាភិបាល

សេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា នឹងខាតបង់ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិក ដោយសាររដ្ឋាភិបាលសហព័ន្ធបានបិទទ្វារ ក្រោយសំណើរបស់លោកប្រធានាធិបតី Donald Trump ទាមទារថវិកាដើម្បីសង់ជញ្ជាំងព្រំដែនមិនបានសម្រេច។ ក្រុមអ្នកស្រាវជ្រាវសភាបាននិយាយកាលពីថ្ងៃចន្ទថា និយោជិតសហព័ន្ធ ៨០០,០០០នាក់ ពេលនេះបានវិលត្រលប់មកធ្វើការវិញហើយ ក្រោយរយៈពេល ៣៥ថ្ងៃ ដោយគ្មានប្រាក់ខែ។

ការបិទទ្វារនេះនឹងធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិចខាតបង់ ០.០២ ភាគរយ តិចជាងការរំពឹងទុកសម្រាប់ ឆ្នាំ២០១៩។ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអាជីវកម្មបុគ្គល និងកម្មករ ជាពិសេសអ្នកដែលគ្មានប្រាក់ខែ។ សរុបមកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានខាតបង់ប្រហែល ១១ពាន់លានដុល្លារ ក្នុងអំឡុងពេល ៥សប្តាហ៍ ដែលបិទទ្វារនេះ ប៉ុន្តែយ៉ាងណាក៏ដោយទីភ្នាក់ងារនេះរំពឹងថានឹងរកបាន ៨ពាន់លានដុល្លារ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមបើកទ្វារឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖​ Khmer Note