ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក។ កញ្ច្រិលជាប្រភេទជំងឺដែលកើតឡើងចំពោះតែកុមារតូច​ ហើយវាមានរោគសញ្ញាដូចជា៖

១.ក្តៅខ្លួនខ្លាំង ២.ក្អកស្ងួត ៣.ហៀរសំបោរ ៤.ឈឺបំពងក ៥.រលាកភ្នែក ៦.មានកន្ទួលរមាស់ ឬពងបែកនៅលើស្បែកយ៉ាងច្រើន។

ក្នុងករណីដែលកុមារមានជំងឺប្រភេទនេះហើយ តែម្តាយឪពុកមិនចាប់អារម្មណ៍ ឬបញ្ចូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលានោះ វាអាចធ្វើឲ្យកុមារមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬដល់ស្លាប់ទៀតផង។ សម្រាប់នៅក្នុងរដ្ឋ Washington វិញ មកទល់នឹងពេលនេះត្រូវបានគេរាយការណ៍ថា មានករណីកុមារកើតជំងឺកញ្ច្រិលនេះចំនួន ៣៥ ករណីមកហើយ តែកុមារទាំង ៣៥ នាក់នោះ ត្រូវបានគេជួយសង្រ្គោះបានទាន់ពេលវេលា ហើយគេរំពឹងថាជំងឺនេះនឹងបន្តកើតមានជាច្រើនករណីទៀត។ អាជ្ញាធររដ្ឋ Washington បានជូនដំណឹងឲ្យម្តាយឪពុកគ្រប់រូបត្រូវចេះតាមដានសុខភាពកូនតូចដោយយកចិត្តទុកដាក់ ហើយបើមានរោគសញ្ញាដូចខាងលើនេះត្រូវបញ្ជូនមកមន្ទីរពេទជាបន្ទាន់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note