ទេព បូព្រឹក្ស រំភើបស្ទើរស្រក់ទឹកភ្នែកព្រោះ ជី ដេវីត ធ្វើរឿងបែបនេះ

សិល្បៈ៖ តារាចម្រៀងល្បីសាច់សខ្ចីប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញាទេព បូព្រឹក្ស ក្រោយពីទទួលបានភាពយុត្តិធម៌ បន្ទាប់ពីត្រូវបានបុរសជាអ្នកមានម្នាក់ បានធ្វើការប្រមាថដោយយកស្រាបៀរគប់ស្រោចលើខ្លួននាងកាលពីកន្លងទៅ ក្រោយពីដាក់ពាក្យបណ្តឹងរួចក៏សម្រុះសម្រួលគ្នាហើយបញ្ចប់ដោយសំណង​ជាទឹកប្រាក់១០០០០ម៉ឺនដុល្លារអាមេរិករួចមក គេសង្កេតឃើញថានាងហាក់តែងតែបង្ហាញពីជីវិតដ៏ស្រស់បំព្រង និង បង្ហោះរូប​ភាពដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍ដែលជាតារាចម្រៀងល្បីរួមទ្រនំជាមួយគ្នា គឺលោកជី ដេវីត ជារឿយៗ ។

ដោយថ្មីៗនេះនាងក៏បានបង្ហោះរូបភាពគូស្នេហ៍របស់នាងដែលលះបង់​សាច់ដ៏សខ្ចីចាក់សាក់រូបរបស់នាងនៅលើដៃ ដូចនឹងរូបនាងពិតៗ អមជាមួយប្រយោគជមួយឃ្លា បង្កប់ដោយអត្ថន័យស្នេហាដ៏ផ្អែមល្ហែម បានធ្វើ​ឲ្យបណ្តាអ្នកគាំទ្ររបស់នាងកោតសរសើរពីស្នេហាដ៏ស្មោះស្ម័គ្ររបស់អ្នកទាំងពីរ តាមរយៈប្រយោគមួយឃ្លានោះដែរ នាងក៏បានបញ្ជាក់ថា «អរគុណបងសំឡាញ់ សុំកុំឲ្យតែជាប់នៅនឹងដៃណា ឲ្យជាប់នឹងបេះដូងជារៀងរហូតផង សំរាប់អូនមិនសុំនៅក្បែរគ្នាយូរពេកទេ គឺសុំត្រឹមតែមួយជីវិតបានហើយ!»។

តាមរយៈរូបភាព និងសារដ៏ផ្អែមល្ហែមរបស់នាង ក៏មានបណ្តាអ្នកគាំទ្រមួយចំនួន​បានលើកឡើងបែបចំអន់លេងសើចថា «មិនយូរពេកទេ សុំតែមួយជីវិតសាហាវជាងប្តីខ្ញុំទៀត» «ជូនពរបងទាំងពីរមានសុខភាពល្អ ឆាប់មានអាអូនឆាប់ៗនេះផង អូខេ! ចង់ប្រាប់ថាគាំទ្រជានិច្ចជុបៗ»។

គួរបញ្ជាក់ផងដែរថាម្ចាស់បទ «My សង្សារ» រូបនេះក្រៅពីមានរូបសម្រស់ស្រស់ស្អាតក៏ជាតារាចម្រៀងស្រីម្នាក់ដែលកំពុងទទួល​បានការគាំទ្រយ៉ាងខ្លាំងក្លាមិត្តៗយុវវ័យ ជាពិសេស​នាងក៏មានសន្តានចិត្តល្អបានជួយចែករំលែកថវិកាមួយចំនួនចែកជូនចាស់ជរា​ក្មេងៗកំព្រា និងមន្ទីរ​ពេទ្យគន្ធបុផ្ផាផងដែរ ៕ ប្រភព៖ KBN