វៀតណាមកំពុងពិចារណាលើការហាមឃាត់មិនឱ្យម៉ូតូចូលក្នុងតំបន់ទីក្រុង ដោយគិតថា វាជាប្រភពនៃការកកស្ទះ និងបំពុល

ក្រុងហាណូយ និងទីក្រុងហូជីមិញកំពុងពិចារណាលើការហាមឃាត់មិនឱ្យម៉ូតូចូលក្នុងតំបន់ទីក្រុងទៀតឡើយ ដោយពួកគេគិតថា ម៉ូតូគឺជាមូលហេតុនៃការកកស្ទះចររាចរណ៍ និងការបំពុល។ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនទីក្រុងហាណូយបានបញ្ជាក់ថា ចាប់ពី ឆ្នាំ២០១៩ នេះតទៅនាយកដ្ឋាននឹងចាប់ផ្តើមដាក់កម្រិតលើយានយន្តផ្ទាល់ខ្លួននៅក្នុងទីក្រុង មុនពេលដែលការហាមឃាត់ទាំងស្រុងនឹងមក។ ការដាក់កម្រិតលើយានយន្តផ្ទាល់ខ្លួននៅក្នុងទីក្រុង គឺដើម្បីធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធរថយន្តក្រុង និងចររាចរណ៍ ដោយទីក្រុងហាណូយសង្ឃឹមថា នឹងអនុវត្តបានទាំងស្រុងនៅត្រឹម ឆ្នាំ២០៣០។

ទន្ទឹមនឹងនេះដែរ ទីក្រុងហូជីមិញក៏បាននឹងកំពុងបោះជំហានទៅមុខលើគម្រោងរបស់ខ្លួនស្តីពីការពង្រឹងការដឹកជញ្ជូនអ្នកដំណើរសាធារណៈ និងការគ្រប់គ្រងយានយន្តផ្ទាល់ខ្លួននេះ។ យ៉ាងណាមិញក្រសួងដឹកជញ្ជូនរបស់រៀតណាមក៏បានឱ្យដឹងដែរថា សព្វថ្ងៃវៀតណាមមានម៉ូតូចំនួន ៤៥លានគ្រឿង និងរថយន្ត ៤លានគ្រឿង ដែលកំពុងធ្វើចររាចរណ៍។ ហើយការហាមឃាត់នេះនឹងអាចធ្វើឱ្យពលរដ្ឋមិនមានការសប្បាយចិត្ត ដោយសារបញ្ហាដែលធ្វើឱ្យស្ទះផ្លូវ គឺមិនមែនម៉ូតូនោះទេ គឺមកពីរថយន្ត ព្រោះរថយន្តគឺស៊ីទីធ្លាថ្នល់ជាងម៉ូតូ។ ម៉្យាងទៀតការបំពុលទៅក្នុងបរិយាកាស ក៏មិនមែនជាកំហុសម៉ូតូតែមួយនោះទេ គឺវាកើតឡើងដោយសារ៖ ផលិតកម្ម ឧស្សាហកម្ម រោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម និងសកម្មភាពសំណង់ផ្សេងៗដែលនៅជិតទីក្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note