ចង់ដឹង ខេមរៈ សិរីមន្ត និយាយអ្វីខ្លះពេលប្អូនស្រី ឃ្លាតឆ្ងាយពីលោកជារៀងរហូត

សិល្បៈ ៖ ក្រោយពីពិធីបុណ្យសពតារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតកំពូលតារាចម្រៀង​ដ៏ល្បីគឺលោក ខេមរៈ សិរីមន្ត ត្រូវ​បញ្ចប់ជាស្ថាពរក៏ដោយ ក៏គេសង្កេតឃើញថា​ ក្តីអាឡោះអល័យរបស់ក្រុមគ្រួសារត្រកូល ខេមរៈ និងបណ្តាអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រ នៅពុំទាន់អាចធ្វើចិត្តបាននៅឡើយទេ ដោយបានបន្សល់ទុកនៅក្តីសោកស្តាយមិនអាចទទួលយកបាន នៅពេលបាត់បង់មនុស្សជាទីស្រលាញ់ ។ទោះជាយ៉ាងណា ក្នុងពិធីបុណ្យសព គេសង្កេត​ឃើញមានវត្តមានតារាចម្រៀង តារាសម្តែងល្បីៗ ព្រមទាំងអ្នកមុខអ្នកការតូចធំ ជាច្រើននាក់ បានមកចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំ និងបានជួយជាកម្លាំងកាយ​ចិត្ត និងសទ្ធារៀងៗខ្លួនផងដែរ ។

ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំ លោក ខេមរៈ សិរីមន្ត បានលើកឡើងថា “ក្រុមគ្រួសាររបស់ខ្ញុំ បានលាក់បាំងពីសភាពជំងឺពិត​របស់ស្រីពៅ នាពេលកន្លងមកនេះ ក៏ព្រោះក្នុងបំណងតែម្យ៉ាងគត់ គឺដើម្បីលើកទឹកចិត្តប្អូនស្រីជាទីស្រលាញ់ កុំឲ្យនាងមានការបាក់ទឹកចិត្ត អស់សង្ឃឹមក្នុងឆាកជីវិតរបស់នាង”។លោកបន្តថា “ក្នុងការព្យាបាលត្រូវការចំណាយថវិការអស់ច្រើន​ណាស់ ដោយត្រូវទៅព្យាបាលប្រទេសថៃ អស់រយៈពេលជាង៣​ឆ្នាំ ហើយចុងក្រោយទៅព្យាបាលនៅប្រទេសឥណ្ឌាអស់ជាង​៣ខែទៀត អ៊ីចឹងហើយ គ្រាន់តែនិយាយឲ្យនាងមានសង្ឃឹមប៉ុណ្ណឹង ធ្វើមិនបានទេអី? តាមពិតទៅប្អូនខ្ញុំ ពិតជាមាន​ជំងឺសួត និងក្រលៀន ហើយក៏ទទួលដំណឹងថា នៅមន្ទីរពេទ្យប្រទេសឥណ្ឌាពូកែព្យាបាលជំងឺហ្នឹង ទើបគ្រួសារខ្ញុំសម្រេចបញ្ជូនទៅទីនោះតែម្តងទៅ” ៕ ប្រភព៖ KBN