LG គឺកំពុងតែស្រាវជ្រាវប្រព័ន្ធ 6G ខណៈក្រុមហ៊ុនធំកំពូលៗកំពុងប្រជែងគ្នាចង់បង្ហាញស្មាតហ្វូន 5G

ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗកំពុងប្រជែងគ្នាចង់បង្ហាញស្មាតហ្វូន 5G របស់ខ្លួនទៅក្នុងទីផ្សារ និងស្របពេលដែលការតភ្ជាប់បណ្តាញ 5G នឹងត្រូវបានដំណើរការយ៉ាងទូលំទូលាយឆាប់ៗនេះ ក្រុមហ៊ុន LG គឺកំពុងតែចាប់ផ្ដើមសិក្សាអំពីបច្ចេកវិទ្យា 6G រួចបាត់ទៅហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កូរ៉េខាងត្បូង LG បានប្រកាសថា ខ្លួនបានសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់របស់កូរ៉េដើម្បីដាក់មជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធ 6G នៅក្នុងសង្កាត Yuseong នៃក្រុង Daejeon ប្រទេសកូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយវាមិនមានន័យថា ក្រុមហ៊ុនកំពុងតែធ្វើការលើស្មាតហ្វូនដែលអាចគាំទ្រការតភ្ជាប់ប្រព័ន្ធ 6G នោះទេ។ លោក Park II-pyeong ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន LG Electronics បាននិយាយថា ជាមួយនឹងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ 6G យើងនឹងពង្រឹងការស្រាវជ្រាវនៃបច្ចេកវិទ្យាទំនាក់ទំនងចល័តជំនាន់ក្រោយដើម្បីឈានដល់ការធ្វើឱ្យមានស្តង់ដាជាសកល និងធានានូវឱកាសនៃការបង្កើតអាជីវកម្មថ្មី។ ហើយចំពោះស្មាតហ្វូន 5G ដំបូង ក្រុមហ៊ុន LG សន្យាថានឹងដាក់បង្ហាញវានៅក្នុងសន្និសីទ MWC ឆ្នាំ២០១៩ នៅ CCIB (Center de Convencions Internacional de Barcelona) ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note