ម្ចាស់គណនីដែលបង្ហោះវិដេអូ មេ​ប៉េអឹម​ខេត្តរតនគីរី ចែក​លុយ​កូនៗ​ សរុប​ ៥០​ម៉ឺន​ដុល្លា ថាបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុន ព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរ តែបែរជាធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់លោកពូទៅវិញ

មុននេះប៉ុន្មានម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះព្រះរាជក្រឹត្យក្នុងហ្វេសបុកផេកផ្លូវការរបស់សម្តេច ដែលជាព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថា វិដេអូដែលបានបង្ហោះពីការចែកសែកទឹកប្រាក់ ១០ម៉ឺនដុល្លារទៅឲ្យកូនៗ របស់អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី គឹម រស្មី គឺចេញពីគណនីហ្វេសបុកឈ្មោះ Gee Yong ដោយក្រោយមក គាត់បានបកស្រាយនៅលើហ្វេសបុករបស់គាត់ថា៖

“នាងខ្ញុំ Gee Yong ម្ចាស់អាខោនហ្វេសបុក សូមជំរាបបកស្រាយជូនបងប្អូនក្នុងFB ថា រឿងលោកពូ គឹម រស្មី ចែកថវិកាអោយកូនៗ ក្នុងកម្មវិធីខួបកំណើតចៅ ស្រីនៅយប់ថ្ងៃ 05/02/2019 នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឫចង់បង្អួតចេញជាសាធារណៈនោះទេ ព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ។ ហេីយថវិកានេះបានមកពីការលក់ជ័រកៅស៊ូ ព្រោះគាត់មានចំការកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ របស់គាត់។ លុយនេះមិនពាក់ពន្ធ័រឿងលុយប្រាក់ខែ ឫលុយបទល្មើសព្រៃឈើដូចការបកស្រាយរបស់មតិមួយចំនួនក្នុងបណ្ដាញសង្គម fb នោះទេ នាងខ្ញុំថតវីដេអូនេះបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុននោះទេ ព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរ តែបែរជាធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់លោកពូ ទៅវិញ។” ។ប្រភព៖ GEE Yong ប្រភព៖ Khmernote