ចាប់បានហើយ! ចោរក្លាហានឈរចាំឆក់ទូរស័ព្ទគេនៅក្រោមស្ពានស្ទឹងមានជ័យកាលពីយប់មិញ

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០២ និង១៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ មានករណីចោរឆក់ទូរស័ព្ទនៅត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ (គល់ស្ពានខាងស្ដាំ) ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌុបនារី៣នាក់ធ្វេីដំណេីរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៧១ លុះមកចំណុចកើតហេតុ ជនរងគ្រោះបាននិយាយទូរស័ព្ទបណ្តើរ បើកម៉ូតូបណ្តើរ ស្រាប់តែពេលនោះជនសង្ស័យម្នាក់ក្នុងចំណោមក្រុមក្មេងស្ទាវជាច្រើននាក់ បានដើរឆ្លងផ្លូវ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះតែម្តង។

ប៉ុន្តែសំណាងល្អពេលឆក់នោះបានប៉ះដៃនារីរងគ្រោះ បណ្តាលឲ្យជ្រុះទូរស័ព្ទនៅលើដី បន្ទាប់មកជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងក្រុមតែម្តង​ ដែលអង្គុយក្រោមស្ពានអាកាសស្ទឹងមានជ័យឆក់ទូរស័ព្ទកាលពីយប់មិញ៕ វីដេអូ៖ Kim Panha Panha និង សាលាសង្កាត់ ស្ទឹងមានជ័យ